បាល់ទាត់អន្តរជាតិ
Real Madrid ចង់ចុះហត្ថលេខាលើកីឡាករតម្លៃ 3.5 លានអឺរ៉ូ មួយរូបរបស់ Leeds United
ក្លឹបអធិរាជស Real Madrid ត្រូវបានគេដឹងថា កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Rodrigo Moreno របស់ Leeds United ដែលមានលក្ខខណ្ឌនៃការផ្ទេរចេញដ៏សមរម្យមួយគឺចំនួន 3.5 លានអឺរ៉ូ។ ខ្សែប្រយុទ្ធកណ្ដាលរូបនេះ គឺជាអតីតកីឡាករដែលលេងនៅទឹកដីអេស្ប៉ាញជាមួយក្លឹប Valencia និងបានផ្ទេរទៅទឹកដីអង់គ្លេសនៅឆ្នាំ 2020។

ដោយឡែកថ្មីៗនេះ Real Madrid ទើបនឹងបញ្ចប់ការផ្ទេរលើ Jude Bellingham ពី Borussia Dortmund ក្នុងកិច្ចព្រមព្រៀងដែលអាចលើសពី 110 លានអឺរ៉ូ។ គោលដៅបន្ទាប់របស់ពួកគេគឺជាខ្សែប្រយុទ្ធកណ្ដាល Moreno នេះឯង។ របាយការណ៍ពី Cadena COPE បានឲ្យដឹងថា Real Madrid កំពុងស្វែងរកកីឡាករចំណូលថ្មី ដើម្បីមកជំនួសកីឡាករដែលចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។

ជាក់ស្ដែង Real Madrid បានចាត់ទុក Rodrigo Moreno គឺជាបេក្ខភាពដ៏សាកសមសម្រាប់ជំនួស Mariano Diaz។ ពួកគេគិតថា ការចំណាយ 3.5 លានអឺរ៉ូ ទៅលើខ្សែប្រយុទ្ធរូបនេះគឺជាគំនិតមួយល្អបំផុត ហើយ Rodrigo Moreno ក៏ចង់ចាកចេញពី Leeds ផងដែរ ស្របពេលដែលក្លឹបរបស់ខ្លួនបានធ្លាក់ទៅលេងនៅ Championship។

ប្រភព: Sportskeeda
