បាល់ទាត់អន្តរជាតិ
Bayern Munich បង្វែរការចាប់អារម្មណ៍មកលើ Amrabat ខណៈដែលការផ្ទេរ Declan Rice អាចនឹងបរាជ័យ

ខ្សែបម្រើ Sofyan Amrabat របស់ក្លឹប Fiorentina ត្រូវបានគេរាយការណ៍មកថា ជាគោលដៅផ្ទេរសម្រាប់ក្លឹបយក្សអាឡឺម៉ង់ Bayern Munich បន្ទាប់ពីគោលដៅទីមួយរបស់ពួកគេគឺ Declan Rice កំពុងឈានដល់ចំណុចបរាជ័យ ដោយខ្សែបម្រើកណ្ដាលសញ្ជាតិអង់គ្លេសរូបនេះប្រហែលជានឹងចូលរួមជាមួយ Arsenal។
ដោយឡែក Amrabat ត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅក្នុងអំឡុងព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022។ ខ្សែបម្រើសញ្ជាតិម៉ារ៉ុករូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន។ ថ្មីៗនេះគាត់ក៏បានក្លាយជាចំណែកមួយដ៏សំខាន់ដែលជួយឲ្យក្លឹបរបស់ខ្លួន Fiorentina ឡើងដល់វគ្គផ្ដាច់ព្រ័ត Europa Conference League ដែលពួកគេបានចាញ់ West Ham 2-1។
ជាលទ្ធផល Amrabat ទំនងជានឹងចាកចេញពី Fiorentina នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ស្របពេលដែលមានក្លឹបធំៗជាច្រើនបានចាប់អារម្មណ៍លើសមត្ថភាពរបស់គាត់។ ដូចគ្នានេះដែរ ថ្មីៗនេះរបាយការណ៍ពី Sky Sport អាឡឺម៉ង់បានឲ្យដឹងថា Bayern Munich កំពុងតាមដានស្ថានភាព និងបានកំណត់គោលដៅលើ Amrabat កាន់តែជាក់លាក់បន្ទាប់ពីខកខានមិនអាចយក Declan Rice បាន។
ប្រភព: Sportsmole