បាល់ទាត់អន្តរជាតិ
Azpilicueta កំពុងត្រូវបាន Bayern Munich និង Inter Milan ចាប់អារម្មណ៍ខ្លាំង

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបយក្សអាឡឺម៉ង់ Bayern Munich កំពុងប្រឈមនឹងការប្រកួតប្រជែងពីក្លឹប Inter Milan សម្រាប់ការចុះហត្ថលេខាលើខ្សែការពាររបស់ Chelsea គឺកីឡាករ Cesar Azpilicueta។ ខ្សែការពារវ័យ 34 ឆ្នាំរូបនេះ នឹងនៅសល់តែកុងត្រា 12 ខែទៀតប៉ុណ្ណោះដើម្បីបន្តនៅ Stamford Bridge ដោយសារគាត់បានបន្តកុងត្រារយៈពេលខ្លីប៉ុណ្ណោះនៅមុនរដូវកាល 2022-2023។
Azpilicueta ត្រូវបានក្លឹប Barcelona ចាប់អារម្មណ៍ និងចង់នាំយកគាត់ទៅទឹកដីអេស្ប៉ាញកាលពីរដូវកាលមុន ប៉ុន្តែត្រូវបានគាត់បដិសេធ ដោយសារការស្រឡាញ់ក្លឹប និងចង់បន្តជីវិតនៅក្នុងទឹកដីអង់គ្លេសបន្តទៀត ខណៈដែលពេលនោះ Marcos Alonso និង Andreas Christensen បានចាកចេញទៅ Camp Nou។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់អតីតកីឡាកររបស់ក្លឹប Marseille រូបនេះ ត្រូវបានគេមើលឃើញថា ជាការសម្រេចចិត្តខុស ដោយ Barcelona បានសម្រេចក្ដីស្រមៃក្នុងការលើកពានលីគ (La Liga) ប៉ុន្តែតោខៀវ Chelsea កំពុងមានទម្រង់លេងធ្លាក់ចុះជាខ្លាំង និងថែមទាំងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 12 នៃតារាង Premier League។
ជាមួយនឹងរឿងបរាជ័យជាច្រើន រួមទាំង Malo Gusto គ្រោងនឹងវិលត្រឡប់ពីការខ្ចីជើងនៅ Lyon ដើម្បីប្រកួតប្រជែងតំណែងលេងជាមួយ Reece James ធ្វើឲ្យ Azpilicueta ក្លាយជាខ្សែការពារស្ដាំជម្រើសទីបីរបស់ក្លឹប ហើយពេលនេះជាវេលាដ៏សមស្របសម្រាប់គាត់ក្នុងការចាកចេញពីទឹកដីអង់គ្លេស។ យោងតាមរបាយការណ៍ពី Sky Italia បានអះអាងថា Inter Milan និង Bayern Munich កំពុងក្លាយជាគូប្រជែងនឹងគ្នា ក្នុងការចរចាលើ Azpilicueta ដែលជាកីឡាករចាស់វស្សា និងពោរពេញដោយបទពិសោធន៍ក្រាស់ក្រែលបំផុត។
ប្រភព: Sportsmole