បាល់ទាត់អន្តរជាតិ
Aubameyang ត្រៀមចូលរួមជាមួយក្លឹបយក្សនៅបារាំង

ក្លឹបយក្សបារាំង Marseille ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំចុះហត្ថលេខាសម្រាប់ខ្សែប្រយុទ្ធរបស់តោខៀវ Chelsea គឺកីឡាករ Pierre-Emerick Aubameyang។ យ៉ាងណាមិញ កីឡាករសញ្ជាតិហ្គាបុងរូបនេះ បានចំណាយពេលត្រឹមតែមួយរដូវកាលប៉ុណ្ណោះនៅ Stamford Bridge ជាមួយនឹងទម្រង់លេងធ្លាក់ចុះយ៉ាងខ្លាំងក្រោមការដឹកនាំរបស់លោក Graham Potter និង Frank Lampard។
ទោះបីជាកុងត្រារបស់ Aubameyang នៅសល់មួយឆ្នាំក៏ដោយ របាយការណ៍ជាច្រើនបានអះអាងយ៉ាងច្បាស់ថា កីឡាករវ័យ 34 ឆ្នាំរូបនេះនឹងចាកចេញពី Chelsea ដើម្បីស្វែងរកទ្រនំថ្មី។ ទន្ទឹមនឹងនេះដែរ Aubameyang នឹងត្រឡប់មក Chelsea នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាលើការសម្រេចចុងក្រោយសម្រាប់ចែកផ្លូវគ្នាជាមួយក្លឹបរបស់ខ្លួននៅរដូវក្ដៅនេះ។
ចំណូលចិត្តរបស់ Aubameyang ត្រូវបានគេរាយការណ៍ថា ចង់ត្រឡប់ទៅ Barcelona ប្រសិនបើ Chelsea មិនទាមទារថ្លៃផ្ទេរគាត់ ហើយក្លឹបយក្សកាតាឡាន់នឹងសុខចិត្តលក់កីឡាករផ្សេងទៀត ដើម្បីអាចយកគាត់ទៅវិញបាន។ ទោះជាយ៉ាងណាក៏ដោយយោងទៅតាមការចចុះផ្សាយរបស់ Relevo បានឲ្យដឹងថា Marseille កំពុងសម្លឹងមើលការចុះហត្ថលេខាលើ Aubameyang។ ក្លឹបនៅ Ligue 1 មួយនេះ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចារលើកិច្ចព្រមព្រៀងជាមួយ Chelsea និងចំណាយលុយមួយចំនួនដើម្បីនាំយកគាត់ទៅទឹកដីបារាំង។
ប្រភព: Sportsmole