បាល់ទាត់អន្តរជាតិ
Real Madrid ចង់បានអតីតកីឡាករមួយរូបរបស់ Barcelona មកជំនួសតំណែងរបស់ Dani Carvajal

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺខ្សែការពារ Arnau Martinez។ ក្លឹបយក្សអេស្ប៉ាញ ត្រូវបានគេដឹងថា កំពុងសម្លឹងមើលបេក្ខភាពកីឡាករចំណូលថ្មីដើម្បីមកជំនួសតំណែងរយៈពេលវែងរបស់ Dani Carvajal។
យោងតាមរបាយការណ៍ពី El Nacional បានអះអាងថា គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Carlo Ancelotti ចង់ឲ្យក្លឹប Real Madrid ចុះហត្ថលេខាលើខ្សែការពារស្ដាំដើម្បីមកស្ដារស្ថានភាពនៅតំបន់លេងរបស់ Carvajal និង Lucas Vazquez ឲ្យកាន់តែប្រសើរឡើង។
ជាលទ្ធផល Real Madrid មានចំណាប់អារម្មណ៍លើអតីតកីឡាកររបស់ខ្លួន Achraf Hakimi របស់ Paris Saint-Germain និង Ivan Fresneda របស់ Real Valladolid។ ប៉ុន្តែ PSG មិនមានចំណាប់អារម្មណ៍ក្នុងការចរចារសម្រាប់លក់ Hakimi ទេ ហើយ Ivan Fresneda ក៏មានជម្រើសផ្សេងទៀតដែលល្អជាងការផ្ទេរទៅ Real Madrid ផងដែរ។
ស្ថានភាពនេះបានបង្ខំឲ្យ Real Madrid ពិចារណាលើ Arnau Martinez ជំនួសវិញ។ ខ្សែការពារស្ដាំរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Girona។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ គឺជាអតីតកីឡាកររបស់ Barcelona ដែលបានចំណាយពេល 6 ឆ្នាំ នៅឈុត La Masia មុនចាកចេញទៅ Girona ក្នុងឆ្នាំ 2016។
ប្រភព: Dailypost NG