បាល់ទាត់អន្តរជាតិ
Cafu ផ្ដាំផ្ញើទៅកាន់កីឡាករម្នាក់របស់ Arsenal ថា៖ កុំអស់សង្ឃឹម ថ្ងៃណាមួយឱកាសរបស់គេនឹងមកដល់

វីរបុរសរបស់ប្រេស៊ីលលោក Cafu បានផ្ញើសារមួយទៅកាន់តារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal គឺខ្សែការពារ Gabriel Magalhaes ដោយបានជម្រុញឲ្យគាត់កុំអស់សង្ឃឹមព្រោះតែមិនត្រូវបានកោះហៅឲ្យចូលលេងក្នុងក្រុមជម្រើសជាតិ។ យ៉ាងណាមិញ Cafu ធ្លាប់ជាកីឡាករឆ្នើម និងដើរតួជាកាពីតែនក្រុមដែលបានឈ្នះពាន World Cup ឆ្នាំ 2002 ជាមួយក្រុមជម្រើសជាតិប្រេស៊ីលផងដែរ។
យើងឃើញថា Magalhaes គឺជាខ្សែការពារដ៏លេចធ្លោរ និងរឹងមាំម្នាក់សម្រាប់ក្លឹបកាំភ្លើងធំចាប់តាំងបានមកដល់ទីក្រុងឡុងដ៍ក្នុងឆ្នាំ 2020។ មកទល់នឹងពេលនេះគាត់បានបង្ហាញខ្លួនសរុបចំនួន 118 ប្រកួតហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែការពារកណ្ដាលរូបនេះ មិនទាន់បានលេងតំណាងឲ្យក្រុមជម្រើសជាតិប្រេស៊ីលរបស់ខ្លួននៅឡើយទេ ទាំងការប្រកួតមិត្តភាព រឺការប្រកួតផ្លូវការណ៍ក្ដី។
សូម្បីតែពេលដែល Magalhaes កំពុងឡើងជើងខ្លាំងក៏ដោយ ក្នុងអំឡុងពេលនៃដំណើរផ្សងព្រេងរបស់ក្រុមជម្រើសជាតិប្រេស៊ីលទៅកាតាសម្រាប់ការប្រកួត FIFA World Cup ឆ្នាំ 2022 គាត់មិនត្រូវបានកោះហៅឡើយ។ ពាក់ព័ន្ធនឹងរឿងនេះដែរ Cafu បានចែករំលែកដំបូន្មានមួយសម្រាប់កីឡាករវ័យ 25 ឆ្នាំរូបនេះដោយលើកឡើងថា៖ “Gabriel Magalhaes ត្រូវរក្សាការព្យាយាមបន្តទៀត។ ថ្ងៃណាមួយឱកាសរបស់អ្នកនឹងមកដល់។… បន្តធ្វើអ្វីដែលអ្នកកំពុងធ្វើ, បន្តការខំប្រឹងប្រែងជាមួយ Arsenal ដែលជាកន្លែងអ្នកអាចឈ្នះពាន Premier League។ អ្នកមិនត្រូវបានកោះហៅមកក្រុមជម្រើសជាតិលើកនេះ ប៉ុន្តែអ្នកអាចត្រូវបានហៅនៅពេលអនាគត”។
ប្រភព: Sportskeeda