បាល់ទាត់អន្តរជាតិ
Ralf Rangnick បានផ្តល់យោបល់ឲ្យក្លឹប Manchester United ជ្រើសរើសប្រធានក្រុមថ្មីជំនួស Harry Maguire

លោក Ralf Rangnick បានផ្តល់យោបល់ថា ក្លឹបបិសាចក្រហម Manchester United គួរតែពិនិត្យមើល និងផ្លាស់ប្ដូរតំណែងអ្នកកាន់កាប់ស្លាកប្រធានក្រុមថ្មី ជំនួសឲ្យកាពីតែនក្រុមបច្ចុប្បន្ន Harry Maguire ដែលកំពុងជួបការលំបាក និងមានសម្ពាធខ្លាំងក្នុងរដូវកាលនេះ។
យ៉ាងណាមិញខ្សែការពារ Harry Maguire ត្រូវបានរងការរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គាត់ នៅរដូវកាលនេះ ខណៈដែលគាត់ ក៏មានតួនាទីជាកាពីតែនក្រុមផងដែរ។ ទោះបីមានការរិះគន់ជាច្រើនក៏ដោយតែ Harry Maguire ផ្ទាល់ បានឆ្លើយតប និងអះអាងថា គាត់លេងបានល្អហើយ បើមិនដូចនោះទេ គ្រូបង្វឹកមិនដាក់គាត់លេងក្នុងជម្រើស 11 នាក់ស្ទើរតែគ្រប់ការប្រកួតឡើយ។
Harry Maguire ត្រូវបានគេចាត់ទុកថា ជាគ្រោះដ៏ធំមួយរបស់ក្លឹបបិសាចក្រហម ដោយគាត់មិនអាចជួយសង្គ្រោះបាល់ ទល់នឹងគូប្រកួតបាន ហើយមិនតែប៉ុណ្ណោះ ខ្សែការពាររូបនេះបានបង្កឲ្យមិត្តរួមក្រុមរបស់ខ្លួនមានបញ្ហារបួសទៀតផង។ ជាក់ស្ដែងដូចជា Paul Pogba ដែលទើបតែនឹងត្រូវមួយកែងជើងរបស់ Harry Maguire។
ឥឡូវនេះលោក Rangnick បានធ្វើការវាយតម្លៃ និងផ្ដល់យោបល់ដល់ក្លឹប ពាក់ព័ន្ធនឹងខ្សែការពាររូបនេះ កាលពីប៉ុន្មានសប្តាហ៍មុន ដូច្នេះ Maguire អាចនឹងត្រូវបានដកចេញពីតំណែងជាប្រធានក្រុមនៅរដូវកាលក្រោយ។
លោក Rangnick បាននិយាយដោយផ្ទាល់ថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រធានក្រុមគួរតែត្រូវបានជ្រើសរើសដោយក្រុម ពីព្រោះគាត់ត្រូវបានគេហៅថា កាពីតែន ហើយយើងតែងតែធ្វើបែបនេះ”។
ប្រភព: Sportbible