បាល់ទាត់អន្តរជាតិ
Jamie Carragher ថា គាត់ចង់ឲ្យ Man City ឈ្នះពាន Premier League នៅរដូវកាលនេះម្ដងទៀត ដើម្បីបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយ

អតីតខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool លោក Jamie Carragher បានបង្ហាញគំនិតគាំទ្រក្លឹបមេឃខៀវ Manchester City ឲ្យបន្តឈ្នះពានជាជើងឯក Premier League នៅរដូវកាលថ្មីនេះម្ដងទៀត។ យ៉ាងណាមិញ Man City បានឈ្នះពានលីគ 3 រដូវកាលជាប់ៗគ្នា ហើយកំណត់ត្រាបច្ចុប្បន្នមិនទាន់មានក្លឹបណាដែលអាចលើកពានលីគនេះបាន 4 ដងជាប់ៗគ្នានោះទេ។
ទន្ទឹមនឹងនេះដែរ Carragher ជឿជាក់ថា ក្រុមរបស់លោក Pep Guardiola គឺជាក្រុមខ្លាំងបំផុតរបស់អង់គ្លេស ហើយគាត់ចង់ឲ្យពួកគេលើកពាន Premier League ជាលើកទី 4 ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ហើយក្លាយជាក្លឹបដំបូងគេដែលលើកពានលីគបាន 4 រដូវកាលជាប់ៗគ្នា។
ក្លឹប Huddersfield Town, Arsenal, Liverpool, Manchester United និង Manchester City គឺជាក្រុមដែលបានឈ្នះជើងឯកលីគក្នុងរយៈពេលបីរដូវកាលជាប់ៗគ្នា។ គ្មានក្រុមណាបានគ្រងតំណែងជើងឯក 4 រដូវកាលជាប់ៗគ្នានោះទេ។ ដូច្នេះហើយបុរសវ័យ 45 ឆ្នាំ Jamie Carragher បាននិយាយថា Man City គឺជាក្រុមដ៏អស្ចារ្យមួយដែលយើងមិនធ្លាប់ឃើញពីមុនមក នៅក្នុងប្រទេសអង់គ្លេស។ គាត់ចង់ឲ្យក្លឹបមួយនេះ ឈ្នះពានលីគកំពូលជាលើកទី 4 ដើម្បីបង្កើតកំណត់ត្រាថ្មីមួយ ដែលជាកំណត់ត្រាដំបូងគេ និងជាកំណត់ត្រាដែលពិបាកបំបែកបំផុតផងដែរ។
ប្រភព: Dailypost NG