បាល់ទាត់អន្តរជាតិ
កំពុងឡើងជើងខ្លាំងផង! Osimhen រងរបួសក្នុងអំឡុងពេលហ្វឹកហាត់

ខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli បានដកខ្លួនចេញពីការហ្វឹកហាត់បណ្ដោះអាសន្នកាលពីថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីរបួសកជើង។ ក្លឹប S.S.C. Napoli បានប្រកាសថា កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ បានចាកចេញពីការហ្វឹកហាត់មុនកំណត់ ដោយសារការរងរបួសប៉ះទង្គិចគ្នាជាមួយមិត្តរួមក្រុម។
យ៉ាងណាមិញ Victor Osimhen បច្ចុប្បន្នគឺជាកីឡាករដែលកំពុងឡើងជើងខ្លាំង និងជាខ្សែប្រយុទ្ធដ៏សំខាន់បំផុតរបស់ក្លឹបម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះ។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លឹប S.S.C. Napoli បានសរសេរថា៖ “Osimhen បានចាកចេញពីទីលានហ្វឹកហាត់មុនកាលកំណត់ ដោយសារការប៉ះទង្គិចដល់កជើងខាងស្តាំរបស់គាត់”។
យោងតាមរបាយការណ៍មួយផ្សេងទៀតបានប្រាប់ឲ្យដឹងថា កីឡាករវ័យ 24 ឆ្នាំរូបនេះបានរងរបួសបន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករចំណូលថ្មី Nathan អំឡុងពេលប្រកួតនៃការហ្វឹកហាត់របស់ក្រុម។ គាត់មានការឈឺចាប់ ពេលដើរចេញពីទីលាន ហើយភ្លាមនោះបានយកដុំទឹកកកមកស្អំកជើងរបស់ខ្លួន។ ខ្សែប្រយុទ្ធរូបនេះមិនត្រូវបានគេរំពឹងថានឹងអវត្តមានក្នុងរយៈពេលយូរឡើយ ខណៈដែលការប្រកួតរដូវកាលថ្មី 2023-2024 របស់ Serie A នឹងចាប់ផ្តើមនៅថ្ងៃទី 19 ខែសីហា ខាងមុខនេះ។
ប្រភព: Dailypost NG