Connect with us

បាល់ទាត់អន្តរជាតិ

Szoboszlai អះអាង​ថា មាន​តែ Liverpool របស់​គាត់​ទេ ដែល​អាច​បំបាក់​ក្រុម​របស់​តា Pep នៅ​រដូវកាល​នេះ​បាន!!!

Published

on

ខ្សែបម្រើ​ចំណូល​ថ្មី Dominik Szoboszlai របស់​ក្លឹប​ហង្សក្រហម Liverpool បាន​អះអាង​ថា ក្រុម​របស់​ខ្លួន​ដែល​ដឹកនាំ​ដោយ​លោក Jurgen Klopp គឺ​ជា​ក្រុម​តែ​មួយ​គត់ ដែល​អាច​នឹង​បញ្ចប់​ចំណាត់​ថ្នាក់​កំពូលតារាង Premier League របស់ Manchester City នៅ​រដូវកាល​នេះ​បាន។

យ៉ាង​ណា​មិញ​យើង​បាន​ដឹង​ហើយ​ថា Man City បាន​ឈរ​ក្នុង​ចំណាត់​ថ្នាក់​ជា​ក្រុម​លេខ​មួយ​ដែល​មាន​ទម្រង់​លេង​ដ៏​លេចធ្លោរ​បំផុត នៅ​ក្នុង​បាល់ទាត់​របស់​អង់គ្លេស​ក្នុង​រយៈពេល 6 ឆ្នាំ​ចុង​ក្រោយ​នេះ។ គិត​ចាប់​តាំង​ពី​ឆ្នាំ 2013 មក ក្រុម​របស់​លោក Pep Guardiola បាន​ឈ្នះ​ពាន​លីគ​ចំនួន 5 មក​ហើយ។ ពួក​គេ​ស្ទើរ​តែ​ត្រូវ​បាន​ឈ្នះពាន 5 រដូវកាល​ជាប់ៗ​គ្នា​ទៅ​ហើយ ប៉ុន្តែ Liverpool បាន​តាម​រំខាន ហើយ​ក៏​ដណ្ដើម​បាន​តំណែង​ជា​ម្ចាស់​ពាន​ក្នុង​រដូវកាល 2019-2020។

មាន​មនុស្ស​ជា​ច្រើន​បាន​មើល​ឃើញ​ថា រដូវកាល​នេះ Man City នៅ​តែ​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះពាន​លីគ​ដដែល ខណៈ 3 ប្រកួត​បើក​ឆាក​របស់​ពួក​គេ មិន​ទាន់​ចាញ់​ឡើយ និង​មាន 9 ពិន្ទុ​ពេញ។ ទន្ទឹម​នឹង​នេះ​ដែរ Liverpool ក៏​ជា​ក្រុម​ដែល​មិន​ទាន់​ចាញ់​ដូចគ្នា ប៉ុន្តែ​ពួក​គេ​មាន​ត្រឹម 7 ពិន្ទុ​ប៉ុណ្ណោះ ដោយ​សារ​បាន​ស្មើ​នៅ​​ប្រកួត​បើក​ឆាក​ជាមួយ​តោខៀវ Chelsea។

ខ្សែបម្រើ​ដែល​ជា​ម្ចាស់​អាវ​លេខ 8 ថ្មី Szoboszlai ដែល​ទើប​នឹង​បាន​ចូលរួម​ជាមួយ​ហង្សក្រហម​នៅ​រដូវក្តៅ​នេះ មាន​ទំនុក​ចិត្ត​ថា Liverpool នឹង​អាច​ប្រជែង​ជាមួយ Manchester City ម្ដង​ទៀត។ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា តើ​ក្រុម​ណា​នឹង​បញ្ចប់​ចំណាត់​ថ្នាក់​ពី​លើ Man City នៅ​រដូវកាល​នេះ​បាន ពេល​នោះ​ខ្សែបម្រើ​សញ្ជាតិ​ហុងគ្រី​រូប​នេះ​បាន​ឆ្លើយ​តប​ថា៖ “ពួក​យើង… វា​មិនមែន​ជា​រឿង​លេង​សើច​ទេ ខ្ញុំ​កំពុង​គិត​អំពី​រឿង​នេះ។ ខ្ញុំ​តែងតែ​គិត​បែ​បនោះ ទោះ​បី​វា​ជា​រឿង​ដែល​ពិបាក​ក៏ដោយ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២