បាល់ទាត់អន្តរជាតិ
លោក Mauricio Pochettino ពន្យល់ពីមូលហេតុដែល Messi លេងមិនសូវល្អដូចកាលនៅ Barcelona

អ្នកចាត់ការទូទៅរបស់ក្លឹប Paris Saint-Germain (PSG) លោក Mauricio Pochettino បានយល់ពីមូលហេតុយ៉ាងច្បាស់ពីកូនក្រុមរបស់ខ្លួន ពិសេសគឺ Lionel Messi ដែលលេងមិនល្អនៅរដូវកាលដំបូងក្នុងទឹកដីនៃប្រទេសបារាំង។
អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Tottenham Hotspur លោក Mauricio Pochettino បាននិយាយថា ការផ្លាស់ប្តូរពី Barcelona ទៅ PSG ត្រូវបានគេគ្រប់គ្នាគិតថា នឹងមិនអាចកើតឡើងបានឡើយ ហើយវាមានការលំបាកបំផុត ដោយ Lionel Messi បានចំណាយពេលស្ទើរតែពេញមួយអាជីពរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញរួចទៅហើយ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Europe 1 (តាមរយៈ PSGTalk.com) គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបាននិយាយថា:
“វាច្បាស់ណាស់ថា ការផ្លាស់ប្តូររបស់ Leo ពី Barcelona ទៅ Paris Saint Germain គឺជាការផ្លាស់ប្តូរដែលដំណើរការសម្របខ្លួន។ គាត់អាចមានអារម្មណ៍មិនស្រួលដូចដែលគាត់បាននៅក្នុងក្លឹបចាស់របស់គាត់ អស់រយៈពេល 20 ឆ្នាំនោះឡើយ ។ ប៉ុន្មានឆ្នាំមកនេះ គាត់បានក្លាយជាមនិមិត្តរូបរបស់ក្លឹប Barcelona”។
លោក Mauricio Pochettino បានបន្ថែមទៀតថា “ខ្ញុំមិនមានការសង្ស័យទេថា Leo មានគុណភាព ហើយគាត់មានទេពកោសល្យគ្រប់គ្រាន់ ដើម្បីធ្វើអ្វីដែលគាត់ត្រូវធ្វើ, គាត់នឹងសម្រេចវាបាន។ យើងសង្ឃឹមថារដូវកាលក្រោយនឹងក្លាយជារដូវកាលខុសគ្នាទាំងស្រុងសម្រាប់គាត់រដូវកាលនេះ ជាមួយនឹងរដូលកាលនៃការរៀនសូត្រ ដែលគាត់បានរៀនរួចហើយ។ មិនមែនតែលីគថ្មី, មិត្តរួមក្រុមថ្មីនោះទេ សូម្បីតែគ្រួសារ ក៏ត្រូវការការសម្របខ្លួនថ្មីដែរ។ វាតែងតែជាបញ្ហា ហើយវាអាចប៉ះពាល់ដល់យើង”។
ប្រភព: Sportskeeda