Connect with us

បាល់ទាត់អន្តរជាតិ

Neymar ប្រាប់​ថា គាត់​និង Messi ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ជីវិត​ដ៏​អាក្រក់​បំផុត​នៅ PSG

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Neymar Jr របស់​ក្លឹប Al-Hilal បាន​លើកឡើង​ថា គាត់​បាន​ជួប​ប្រទះ​នឹង​ជីវិត​ដ៏​អាប់អួរ​បំផុត​ជាមួយ​មិត្ត​ជិតស្និទ្ធិ Lionel Messi ក្នុង​អំឡុង​ពេល​នៅ​ក្លឹប​យក្ស Paris Saint-Germain ជាមួយ​គ្នា។ Neymar សារ​ភាព​ថា ទាំង​គាត់ និង Messi គឺ​ពិត​ជា​មាន​ការ​សោក​ស្ដាយ ដោយ​មិន​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៅ​ប្រទេស​បារាំង​បាន។

យ៉ាង​ណា​មិញ កីឡាករ​ឆ្នើម​ទាំងពីរ​រូប​នេះ​បាន​ចាកចេញពី PSG កាល​ពី​រដូវក្តៅ​កន្លង​ទៅ ដោយ Messi បាន​ចុះ​កុងត្រា​លេង​ជាមួយ Inter Miami ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន ខណៈ​ដែល Neymar Jr បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត Al-Hilal។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Neymar Jr ដែល​ធ្លាប់​បាន​ចំណាយ​ពេល 6 ឆ្នាំ​នៅ PSG បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ Globo ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណាស់ សម្រាប់​ពេលវេលា​ដំបូង​ដែល​គាត់ (Messi) មក​ដល់។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ក៏​សោកសៅ​យ៉ាង​ខ្លាំង​ដែរ ដោយ​សារ​តែ​គាត់​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ពីរ​ផ្សេងគ្នា។ គាត់​បាន​រស់នៅ​​ឋានសួគ៌​ជាមួយ​ក្រុម​អាហ្សង់ទីន ឈ្នះ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តែ​គាត់​បាន​រស់​នៅ​ឋាន​នរក​ក្នុង​ទីក្រុង​ប៉ារីស”។

Neymar Jr បាន​បន្ថែម​ទៀត​ថា៖ “ពួក​យើង​បាន​ឆ្លង​កាត់​ស្ថាននរក ទាំង​គាត់ និង​ខ្ញុំ។ យើង​ពិបាក​ចិត្ត ព្រោះ​យើង​មិន​អាច​កសាង​សមិទ្ធិផល​អ្វី​ឡើយ។ យើង​នៅទីនោះ​ដើម្បី​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ក្លាយ​ជា​ជើង​ឯក ព្យាយាម​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ក្លឹប។ នោះ​ហើយ​ជាមូល​ហេតុ​ដែល​យើង​ចាប់​ផ្តើម​លេង​ជា​មួយ​គ្នា​ម្តង​ទៀត។ យើង​​បាន​ជួប​គ្នា​នៅ​ទីនោះ ដូច្នេះ​ហើយ​យើង​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ជាមួយ​គ្នា។ តែ​ជា​អកុសល យើង​មិន​អាច​ធ្វើ​វា​បាន”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២