បាល់ទាត់អន្តរជាតិ
Erling Haaland បង្ហាញជំនឿចិត្តថា គាត់អាចមានឱកាសឈ្នះ Ballon d’Or ឆ្នាំនេះ

ខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្លឹបមេឃខៀវ Manchester City ជឿជាក់ថា គាត់អាចប្រជែងឈ្នះ Ballon d’Or ជាមួយម្ចាស់ពាន 7 សម័យកាល Lionel Messi នៅឆ្នាំ 2023 នេះបាន។ យ៉ាងណាមិញ ទាំង Haaland និង Messi ជាកីឡាករតែពីរនាក់គត់ ដែលបានកសាងសមិទ្ធិផលធំៗនៅឆ្នាំនេះ ហើយមានតែគាត់ទាំងពីរប៉ុណ្ណោះ ដែលនឹងមានឱកាសឈ្នះ Ballon d’Or។
Erling Haaland គឺជាកូនសោរដ៏សំខាន់របស់ Man City ក្នុងដំណើរផ្សងព្រេងលើកពាន UEFA Champions League ជាប្រវត្តិសាស្ត្រ ក៏ដូចជាការឈ្នះពានលីគ Premier League និង FA Cup ផងដែរ។ ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន 52 គ្រាប់ ក្នុងការបង្ហាញខ្លួន 53 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់របស់ក្លឹប។
កីឡាករវ័យ 22 ឆ្នាំរូបនេះបានទទួលពានរង្វាន់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA, FWA Footballer of the Year, Premier League Player & Young Player of the Year និងពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលរបស់ Man City។ ទន្ទឹមនឹងនេះដែរ Messi ក៏ជាបេក្ខភាពប្រជែងខ្លាំង ក្នុងការដណ្ដើម Ballon d’Or ជាមួយគាត់ដែរ ដោយកាពីតែនក្រុមអាហ្សង់ទីនរូបនេះបានឈ្នះពានរង្វាន់ World Cup ក្នុងការប្រកួតកាលពីឆ្នាំ 2022 នៅប្រទេសកាតា ហើយជាពានដ៏ធំបំផុតមួយដែលប្រទេសរបស់គាត់ បានខកខានឈ្នះអស់រយៈពេលជាយូរមកហើយ។
ខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះក៏បានឈ្នះពាន Ligue 1 ក្នុងរដូវកាលចុងក្រោយរបស់គាត់ជាមួយ Paris Saint-Germain ដែរ។ ចាប់តាំងពីពេលនោះមក គាត់បានចាប់ផ្តើមជីវិតបាល់ទាត់នៅក្លឹបថ្មី Inter Miami របស់ MLS ជាមួយនឹងភាពលេចធ្លោរកាន់តែខ្លាំង ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 5 ដង ក្នុងការបង្ហាញខ្លួនត្រឹមតែ 11 ប្រកួតប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលសួរក្នុងបទសម្ភាសន៍ជាមួយ France Football តារាឆ្នើម Erling Haaland បាននិយាយថា បច្ចុប្បន្ននេះគាត់អាចជាខ្សែប្រយុទ្ធម្នាក់ដ៏ល្អបំផុត តែគាត់នៅក្មេងនៅឡើយ ហើយក៏នៅតែមានចំណុចច្រើនត្រូវកែលម្អ។ Haaland បានបន្ថែមទៀតថា គាត់ពិតជាសាកសមក្នុងការមានឈ្មោះជាម្ចាស់ពាន Ballon d’Or ហើយក៏សង្ឃឹមថា អាចមានឱកាសឈ្នះវានៅឆ្នាំនេះដែរ។
ប្រភព: Sportsmole