បាល់ទាត់អន្តរជាតិ
Gary Neville ថា បិសាចក្រហមចាយលុយទិញកីឡាករច្រើនប៉ុណ្ណា ក៏មិនអាចប្រជែងជាមួយ Man City និង Arsenal បានដែរ

អតីតវីរបុរស និងជាកាពីតែនក្រុមឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United លោក Gary Neville បានលើកឡើងថា គាត់មិនដែលគិតសូម្បីតែបន្តិចថា ការចុះហត្ថលេខាលើកីឡាករចំណូលថ្មី របស់បិសាចក្រហម នឹងល្អគ្រប់គ្រាន់ដើម្បីជួយឲ្យពួកគេអាចប្រកួតប្រជែងជាមួយក្រុមខ្លាំង Manchester City និង Arsenal បាន។
ក្លឹបបិសាចក្រហម Manchester United បានចំណាយប្រាក់ជិត 200 លានផោន លើការចុះហត្ថលេខាផ្ទេរ Rasmus Hojlund, Mason Mount និង Andre Onana កាលពីរដូវក្ដៅកន្លងទៅ។ នៅប៉ុន្មានប្រកួតដើមរដូវកាលនេះ ទម្រង់លេងមិនសូវល្អរបស់បិសាចក្រហមហាក់ដូចជាកើតឡើងវិញ ខណៈដែលរដូវកាលដំបូងក្រោមការដឹកនាំរបស់ Erik ten Hag ស្ថានភាពល្អប្រសើរបានកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបរាជ័យ 3 ប្រកួត ក្នុងចំណោមការប្រកួតទាំង 5 ប្រកួតដំបូងនៅរដូវកាលនេះក្នុងក្របខណ្ឌ Premier League ក្លឹបបិសាចក្រហម Manchester United ហាក់មិនអាចតាមទាន់គូប្រជែងខ្លាំងៗផ្សេងទៀតនៅ Premier League របស់ពួកគេរួចទៅហើយ។
ស្របពេលជាមួយគ្នានេះដែរ Gary Neville បាននិយាយកាលពីពេលថ្មីៗនេះថា៖ “ខ្ញុំមិនដែលគិតសូម្បីមួយវិនាទីថា ពួកគេ (Man United) នឹងអាចប្រើប្រាស់កីឡាករចំណូលថ្មីរបស់ខ្លួន មកប្រជែងជាមួយ Manchester City និង Arsenal បាន”។
ប្រភព: Dailypost NG