Connect with us

បាល់ទាត់អន្តរជាតិ

Solskjaer សារភាព​ថា ការ​ចុះ​ហត្ថលេខា​នាំ​យក Cristiano Ronaldo មក​វិញ គឺ​ជា​កំហុស​ឆ្គង​មួយ​ពេល​គាត់​ដឹកនាំ​នៅ Man United

Published

on

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាន​សារភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចុះហត្ថលេខា​របស់​គាត់​លើ Cristiano Ronaldo គឺ​ជា​រឿង​ដ៏​ខុស​ឆ្គង​មួយ​ដែល​បណ្ដាល​ឲ្យ​ក្លឹប​ប្រែក្លាយ​ជា​ធ្លាក់​ចុះ​ជា​លំដាប់ និង​ឈាន​ដល់​ដំណាក់​កាល​ដ៏​យ៉ាប់​យ៉ឺន​មួយ។

Cristiano Ronaldo បាន​ត្រឡប់មក Old Trafford វិញ នៅ​រដូវក្តៅ​ឆ្នាំ 2021 ខណៈ​ដែល​ពេល​នោះ Solskjaer កំពុង​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ទីនោះ។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​បាន​ស៊ុត​បញ្ចូលទី 2 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​របស់​គាត់​ពេល​លេង​តទល់​នឹង Newcastle ប៉ុន្តែ​ទម្រង់​លេង​របស់ Man United បាន​ផ្លាស់​ប្តូរ​បន្តិច​ម្តងៗ ទៅ​​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅៗ។

ទីបំផុត Solskjaer ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង ក្នុង​រដូវកាល 2021/2022 បន្ទាប់​ពី​មាន​វត្តមាន​រយៈពេល 4 ខែ​​របស់ Cristiano Ronaldo។ គ្រូ​បង្វឹក​សញ្ជាតិ​ន័រវេស​រូប​នេះ បាន​​ទទួល​ស្គាល់​ថា​ការ​សម្រេច​ចិត្ត​ចុះ​ហត្ថលេខា​ជាមួយ Cristiano Ronaldo គឺ​ជា​កំហុស​មួយ។

ថ្លែង​ទៅ​កាន់ The Athletic លោក Ole Gunnar Solskjaer បាន​និយាយ​ថា៖ “វា​គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​ពិបាក​នឹង​បដិសេធ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ត្រូវ​ទទួល​យក​វា ប៉ុន្តែ​វា​បាន​ប្រែក្លាយ​ជា​កំហុស។ យើង​មាន​អារម្មណ៍​ថា គឺ​ជា​រឿង​ត្រឹមត្រូវ​នៅ​ពេល​ដែល​គាត់​បាន​ចុះហត្ថលេខា​មក​អតីត​ក្លឹប​ចាស់​វិញ ហើយ​អ្នកគាំទ្រ​នៅ Old Trafford កំពុង​តែ​ពេញ​ចិត្ត បន្ទាប់​ពី Cristiano Ronaldo បាន​ស៊ុតបញ្ចូលទី​ពីរ​គ្រាប់ ក្នុង​ជ័យជម្នះ 4-1 ដែល​មើល​ទៅ​គាត់​នៅ​តែជា​អ្នក​ស៊ុតបញ្ចូលទី​បាន​ល្អ​បំផុត​ក្នុង​ពិភពលោក”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២