បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ សហព័ន្ធបាល់ទាត់អាឡឺម៉ង់ ប្រកាសតែងតាំង Julian Nagelsmann ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិ

នៅមុននេះបន្តិច សហព័ន្ធបាល់ទាត់នៃប្រទេសអាឡឺម៉ង់ បានប្រកាសបញ្ជាក់ពីការតែងតាំងលោក Julian Nagelsmann ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ គ្រូបង្វឹកវ័យ 36 ឆ្នាំរូបនេះបានត្រឡប់មកកាន់ការងារជាគ្រូបង្វឹកវិញ ក្រោយរយៈពេល 6 ខែដែលត្រូវបាន Bayern Munich បណ្ដេញចេញពីតំណែង។
Julian Nagelsmann បានចូលមកដឹកនាំក្រុមជម្រើសជាតិក្នុងនាមជាគ្រូបង្វឹកថ្មីដែលជំនួសកន្លែងរបស់លោក Hansi Flick ដែលទើបនឹងបណ្តេញចេញកាលពីដើមខែនេះ បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិជិត 2 ឆ្នាំ ដោយមិនសូវទទួលបានផ្លែផ្កា។ Hansi Flick បានរងបរាជ័យក្នុងការដឹកនាំប្រកួតចុងក្រោយយ៉ាងធ្ងន់ករ ដោយចាញ់ 4-1 នៅក្នុងដីខ្លួនឯង ដែលជាការប្រកួតមិត្តភាពជាមួយប្រទេសជប៉ុនកាលពីថ្ងៃទី 10 ខែកញ្ញា កន្លងទៅ។
សម្រាប់បេក្ខភាពគ្រូបង្វឹកថ្មីលោក Julian Nagelsmann បានហត្ថលេខាលើកុងត្រានៃការដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួន ដែលមានសុពលភាពរហូតដល់ខែកក្កដា ឆ្នាំ 2024 ហើយគ្រូបង្វឹករូបនេះនឹងទទួលបន្ទុកដឹកនាំក្រុមរយៈពេល 9 ខែមុនពេលប្រទេសអាឡឺម៉ង់ធ្វើជាម្ចាស់ផ្ទះ Euro 2024 ផងដែរ។
ប្រភព: Sportsmole