បាល់ទាត់អន្តរជាតិ
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona

ខ្សែប្រយុទ្ធស្លាប Joao Felix បានបញ្ជាក់ថា គាត់បានលះបង់លុយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទៅចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងពី Atletico Madrid កាលពីពេលថ្មីៗកន្លងទៅ។ កីឡាករវ័យ 23 ឆ្នាំរូបនេះត្រូវបានគេដឹងថា បានច្រានចោលសំណើរពីក្លឹបធំៗពីរនៅអង់គ្លេសដែលមាន Manchester United និង Liverpool ដើម្បីដើរតាមក្ដីស្រមៃរបស់ខ្លួនដោយផ្ទេរមក Camp Nou។
យ៉ាងណាមិញ Joao Felix បានចាប់ផ្តើមជីវិតដ៏បាល់ទាត់ដ៏អស្ចារ្យជាថ្មីម្ដងទៀតជាមួយក្លឹបថ្មី FC Barcelona ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assist ម្ដង ក្នុងការបង្ហាញខ្លួនចំនួន 3 ប្រកួត។ ការបង្ហាញខ្លួនលើកចុងក្រោយ Joao Felix បានក្លាយជាកីឡាករល្អប្រចាំការប្រកួតបើកឆាក UCL ទល់នឹងក្លឹប Royal Antwerp បន្ទាប់ពីគេរកបានគ្រាប់បាល់បាន 2 គ្រាប់ និង Assist 1 ក្នុងជ័យជម្នះ 5-0 កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Barcelona រូបនេះ បានប្រាប់ Mundo Deportivo ថា៖ “ការពិត គឺខ្ញុំបានលះបង់ប្រាក់យ៉ាងច្រើននៃប្រាក់ខែរបស់ខ្ញុំ។ ប៉ុន្តែវាជារឿងល្អ ខ្ញុំត្រូវការការផ្លាស់ប្តូរ ខ្ញុំត្រូវទៅកន្លែងណាមួយដែលខ្ញុំអាចមានឱកាសបង្ហាញនូវជំនាញរបស់ខ្ញុំ។ ដូចដែលខ្ញុំបាននិយាយហើយថា ខ្ញុំតែងតែគិតថា កន្លែងនេះ (Barcelona) នឹងក្លាយជាកន្លែងដ៏ល្អបំផុត”។
ប្រភព: Sportsmole