បាល់ទាត់អន្តរជាតិ
Fikayo Tomori បដិសេធឱកាស ក្នុងការផ្ទេរទៅចូលរួមជាមួយ PSG

ខ្សែការពារ Fikayo Tomori របស់ក្លឹប AC Milan ត្រូវបានគេរាយការណ៍ថា បានបដិសេធឱកាសក្នុងការចូលរួមជាមួយក្លឹបយក្សបារាំង Paris Saint-Germain ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea រូបនេះបានបរាជ័យក្នុងការប្រជែងតំណែងលេងពេលគាត់នៅ Stamford Bridge ប៉ុន្តែចាប់តាំងពីរបានមកដល់ AC Milan ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Stefano Pioli គាត់បានរីកចម្រើនខ្លាំង រហូតត្រូវបានគេចាត់ទុកជាខ្សែការពារដ៏ល្អបំផុតមួយរូបនៅក្នុងពិភពបាល់ទាត់។
ដំបូងឡើយ Fikayo Tomori បានខ្ចីជើងពាក់កណ្តាលរដូវកាលឆ្នាំ 2020-2021 ហើយទម្រង់លេងរបស់គាត់បានធ្វើឲ្យ AC Milan សម្រេចចិត្តទិញផ្ដាច់កុងត្រាគាត់នៅចុងបញ្ចប់នៃរដូវកាលក្នុងឆ្នាំនោះ ជាមួយនឹងតម្លៃផ្ទេរ 27.4 លានផោន។ គិតចាប់តាំងពីរពេលនោះមក Fikayo Tomori បានបង្ហាញខ្លួនសរុបចំនួន 112 ប្រកួតហើយ ក្នុងនាមជាខ្សែការពារដ៏សំខាន់របស់ AC Milan។
ទន្ទឹមនឹងនេះដែរ កាលពីរដូវកាលមុន កីឡាករវ័យ 25 ឆ្នាំរូបនេះ បានបន្តកុងត្រាថ្មីរយៈពេលវែងជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ដែលមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2027។ ដោយឡែក កាលពីពេលថ្មីៗនេះ របាយការណ៍ដែលបានចុះផ្សាយដោយ Calciomercato បានអះអាងថា ក្លឹប PSG ធ្លាប់ចាប់អារម្មណ៍ចង់បាន Fikayo Tomori នៅចុងបញ្ចប់រដូវកាលមុន ដើម្បីមកជំនួសខ្សែការពារចាស់ Sergio Ramos ដែលចាកចេញដោយគ្មានតម្លៃខ្លួន។ គេបានដឹងថា PSG បានបញ្ជូនភ្នាក់ងាររបស់ខ្លួនឲ្យស្ទាបស្ទង់ចិត្តខ្សែការពាររូបនេះ ប៉ុន្តែ Fikayo Tomori មិនបានចាប់អារម្មណ៍លើការផ្ទេរនេះឡើយ ហើយក៏ត្រៀមរួចស្រេចក្នុងការបដិសេធមិនទៅលេងនៅប្រទេសបារាំងផងដែរ។
ប្រភព: Sportsmole