Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo៖ ខ្ញុំ​ដឹង​ថា ហេតុ​អ្វី​បាន​ជា Messi ធ្វើ​បែប​នេះ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ប្រាប់​អ្នក​ទេ!…

Published

on

តារា​ឆ្នើម Cristiano Ronaldo ធ្លាប់​បាន​ផ្តល់​ចម្លើយ​នៃ​អាថ៌កំបាំង​មួយ នៅ​ពេល​សួរ​អំពី Messi ដែល​បញ្ជូន​បាល់​ប៉េណាល់ទី​របស់​ខ្លួន​ទៅ​ឲ្យ Luis Suarez ហើយ​រឿង​នោះ​បាន​កើត​ឡើង​តាំង​ពី​អតីត​កាល​ជា​យូរ​មក​ហើយ នៅ​អំឡុង​ឆ្នាំ 2015-2016 ពេល​ដែល Barcelona ឈ្នះ 6-1 ក្នុង​ក្របខណ្ឌ La Liga ទៅ​លើ Celta Vigo។

ទង្វើរ​របស់ Lionel Messi ត្រូវ​បាន​អ្នកគាំទ្រ​មើល​ឃើញ​ថា គាត់​ជា​មិត្ត​​ដ៏​ល្អ​របស់​​ជាមួយ Luis Suarez ហើយ​ក៏​ជា​កីឡាករ​ដែល​មិន​សូវ​ចង់​បាន​គ្រាប់​បាល់​ផង​ដែរ។ ការ​បញ្ជូន​បាល់​នៅ​ពេល​ប៉េណាល់ទី​របស់ Messi នោះ ដូចគ្នា​នឹង Johan Cruyff ដែល​ធ្លាប់​បាន​ធ្វើ​ផង​ដែរ ពេល​ដែល​អតីត​វីរបុរស​បាល់ទាត់​រូប​នោះ​លេង​នៅ Ajax ហើយ​ប៉េណាល់ទី​ដោយ​បញ្ជូន​បាល់​ទៅ​ឲ្យ Jasper Olsen ជាមិត្ត​រួម​ក្រុម​របស់​ខ្លួន អំឡុង​រដូវកាល​ឆ្នាំ 1982-83។

ក្រៅ​ពី​ការ​ពេញ​ចិត្ត​របស់​អ្នកគាំទ្រ​ជា​ច្រើន សកម្មភាព​​របស់ Messi នៅ​ពេល​នោះ ក៏​ត្រូវ​បាន​អ្នក​ខ្លះ​រិះគន់​ផង​ដែរ ដោយ​ចាត់​ទុក​ជា​ទង្វើ​ដែល​មិន​បង្ហាញ​ការ​​គោរព​ចំពោះ​ក្រុម​ជា​គូ​ប្រជែង។ ទោះជា​យ៉ាង​ណា​ក៏ដោយ Lionel Messi បាន​ជួយ​ឲ្យ Luis Suarez រក​បាន Hat-trick នៅ​ក្នុង​ការ​ប្រកួត​ពេល​នោះ។

ក្រោយ​មក​ទៀត Cristiano Ronaldo ក៏​​ត្រូវ​​បាន​ស្នើ​ឲ្យ​ចែក​រំលែក​ពី​ការ​យល់​ឃើញ​របស់​គាត់​លើ​អ្វី​ដែល Messi បាន​ធ្វើ ហើយ​គាត់​បាន​ឆ្លើយ​តប​តាម​រយៈ Mirror ថា៖ “ខ្ញុំ​ដឹង​ថា ហេតុអ្វី​បាន​ជា Messi ធ្វើ​បែប​នេះ។ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាប់​អ្នក​ទេ។ គិត​អ្វី​ដែល​អ្នក​គិត​ឃើញ​ចុះ”។

ចម្លើយ​ដ៏​ខ្លី​នេះ ប្រហែល​ជា​មាន​មនុស្ស​ជា​ច្រើន​ឆ្ងល់ និង​មិន​យល់​ន័យ​ដែល Cristiano Ronaldo ចង់​សំដៅ​ឡើយ។ បើ​យើង​ចោល​ភ្នែក​ក្រឡេក​មក​មើល​ឲ្យ​បាន​ឆ្ងាយ​ពី​ជ្រុង​ម្ខាង​ទៀត ត្រឡប់​ទៅ​រដូវកាល 2015-2016 Cristiano Ronaldo បាន​ប្រជែង​គ្នា​ជាមួយ Luis Suarez ដើម្បី​ឈ្នះ​ពាន Pichichi ដែល​ផ្តល់​ឲ្យ​កីឡាករ​ដែល​ស៊ុតបញ្ចូលទី​ច្រើន​ជាង​គេ​នៅ La Liga។ Messi ប្រហែល​ជា​បាន​ព្យាយាម​ជួយ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ឲ្យ​ឈ្នះ​ពាន Pichchi និង​ឈ្នះ​គ្រាប់​បាល់​របស់ Ronaldo ក្នុង​រដូវ​កាល​នោះ ដោយ​ស៊ុត​បាន 40 គ្រាប់ ខណៈ​ដែល Ronaldo បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 2​ ដោយ​រក​បាន 35 ​គ្រាប់ ហើយ Messi ជា​អ្នក​ឈរ​លេខ 3 មាន​គ្រាប់​បាល់​តិច​ជាង​​ឆ្ងាយ​ពី​កីឡាករ​ទាំង​ពីរ មាន​ត្រឹម 26 គ្រាប់​ប៉ុណ្ណោះ។ ថ្វីត្បិតតែ Cristiano Ronaldo មិន​បាន​និយាយ​អ្វី​ច្បាស់​លាស់ តែ​នេះ​ប្រហែល​ជា​អ្វី​ដែល​គាត់​ព្យាយាម​ចង្អុល​បង្ហាញ​ដល់​អ្នកគ្រប់​គ្នា​ថា Messi មិន​ចង់​ឲ្យ​គាត់​មាន​គ្រាប់​បាល់​ច្រើន​ជាង​គេ និង​ជា​អ្នកឈ្នះពាន Pichichi នា​ពេល​នោះ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២