Connect with us

បាល់ទាត់អន្តរជាតិ

ធ្លាប់​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ក្លាយ​ជា​អ្នក​ស្នង​តំណែង​របស់ Messi តែ​ពេល​នេះ Barcelona ត្រៀម​ដាក់​​លក់ Ansu Fati ហើយ!!!

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​លក់​ខ្សែប្រយុទ្ធ​ស្លាប Ansu Fati នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ឆ្នាំ​ក្រោយ​នេះ។ កំឡុង​ពេល​ដំបូងៗ​នៃ​អាជីព​បាល់ទាត់​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​នៅ Barcelona គាត់​ត្រូវ​បាន​គេ​គិត​ថា នឹង​ក្លាយ​ជា​អ្នក​ស្នង​មរតក​ដ៏​អស្ចារ្យ​របស់ Lionel Messi។

លើស​ពី​នេះ​ទៀត Ansu Fati ដែល​ជា​កីឡាករ​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់ La Masia នោះ ត្រូវ​បាន​គេ​គិត​ថា ​អាច​នឹង​ចំណាយ​ពេល​ពេញ​មួយ​អាជីព​របស់​គាត់​នៅ Camp Nou។ ផ្ទុយ​មក​វិញ ទោះ​បី​ជា​អាច​រក​បាន​គ្រាប់​បាល់​សរុប​ចំនួន 29 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ចំនួន 10 ដង ពី​ការ​បង្ហាញ​ខ្លួន 112 ប្រកួត​សម្រាប់​ក្លឹប​យក្ស​កាតាឡាន់​កាល​ពី​រដូវកាល​មុន​ក៏​ដោយ ខ្សែប្រយុទ្ធ​ស្លាប​រូបនេះ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​របស់​គាត់​នៅ​កៅអី​បម្រុង ដោយ​សារ​មិន​អាច​ប្រជែង​នឹង​កីឡាករ​ឆ្នើមៗ​ផ្សេង​ទៀត​ដែល​ជា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​បាន។

Ansu Fati មិន​ចង់​ចាកចេញ​ពី Barcelona ដែល​ជា​ក្លឹប​ពី​កុមារភាព​របស់​ខ្លួន​ឡើយ ហើយ​ជាក់​ស្តែង​គាត់​បាន​សម្រេច​ចិត្ត​ចាកចេញ​ដោយ​ការ​ខ្ចី​ជើង​ទៅ​ក្លឹប Brighton ដើម្បី​ពង្រឹង​នូវ​ទម្រង់​លេង​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​ត្រឡប់​មក​យក​ដណ្ដើម​តំណែង​ជា​ជម្រើស​ដំបូង​របស់​លោក Xavi Hernandez។

យ៉ាង​ណា យោង​តាម​របាយការណ៍​ពី Sport បាន​អះអាង​ថា មន្ត្រី​នៅ​ក្លឹប Barcelona បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​ជាមួយ Fati រួច​ហើយ ប្រសិន​បើ​ពួកគេ​ទទួល​បាន​ការ​ផ្ដល់​ជូន​សំណើរ​ផ្ទេរ​ដ៏​សមរម្យ​មួយ។ ជាមួយ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ Barcelona សម្រាប់​ឆ្នាំ​ក្រោយ ប្រធាន​ក្លឹប​លោក Joan Laporta នឹង​ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​ឲ្យ​បាន​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ Ansu Fati គឺ​ជា​គោលដៅ​នៃ​ការ​លក់​ចេញ​របស់​ក្លឹប។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២