បាល់ទាត់អន្តរជាតិ
ក្លឹបធំៗជាច្រើនរួមទាំង Chelsea និង Bayern Munich កំពុងចាប់អារម្មណ៍លើកីឡាករវ័យ 17 ឆ្នាំមួយរូបនៅក្នុងប្រទេសប្រេស៊ីល

ក្លឹបតោខៀវ Chelsea និង Bayern Munich ត្រូវបានគេរាយការណ៍ថា នឹងប្រជែងជាមួយ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Luis Guilherme ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹបនៅលីគកំពូលនៃប្រទេសប្រេស៊ីល Palmeiras។
កីឡាករវ័យ 17 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាទៀងទាត់នៅក្នុងក្រុមឈុតធំរបស់ Palmeiras ចាប់តាំងពីពាក់កណ្តាលខែមេសាមក។ គិតមកទល់នឹងពេលនេះ Luis Guilherme បានបង្ហាញខ្លួនជាមួយក្រុមចំនួន 23 ប្រកួតមកហើយ នៅគ្រប់ការប្រកួតប្រជែងទាំងអស់របស់ក្លឹប ដែលក្នុងនោះមាន 15 ប្រកួត នៅក្នុងក្របខ័ណ្ឌកំពូល Serie A របស់ប្រេស៊ីល។
កីឡាករវ័យក្មេងរូបនេះត្រូវបានគេមើលឃើញថា នឹងក្លាយជាកីឡាករដ៏អស្ចារ្យមួយរូបនាពេលអនាគត ហើយគាត់កំពុងត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ចង់បាន។ របាយការណ៍ចុងក្រោយមួយបានអះអាងថា ក្លឹបបិសាចក្រហម Manchester United នៅតែរក្សាការចាប់អារម្មណ៍លើ Guilherme ប៉ុន្តែពេលនេះពួកគេនឹងជួបឧបសគ្គធំដោយរបាយការណ៍ពីអ្នកកាសែត Fabrizio Romano លើកឡើងថា Chelsea និង Bayern Munich ជាក្លឹបស្ថិតក្នុងចំណោមក្លឹបជាច្រើនទៀតដែលកំពុងតាមដានលើកីឡាករវ័យក្មេងសញ្ជាតិប្រស៊ីលរូបនេះ។
ប្រភព: Sportsmole