Connect with us

បាល់ទាត់អន្តរជាតិ

Nicolo Fagioli របស់ Juventus អាច​នឹង​រង​ការ​ពិន័យមិន​ឲ្យ​លេង​បាល់​រយៈពេល 3 ឆ្នាំ

Published

on

ខ្សែបម្រើ Nicolo Fagioli របស់​ក្លឹប​សេះ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ប្រឈម​នឹង​​ហានិភ័យ​នៃ​ការ​ជាប់​បម្រាម​មិន​ឲ្យ​លេង​បាល់ទាត់​រយៈពេល 3 ឆ្នាំ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​មួយ​បាន​ចោទ​ប្រកាន់​លើ​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ថា បាន​លេង​ល្បែង​ភ្នាល់​ដោយ​ខុស​ច្បាប់។

កីឡាករ​វ័យ 22 ឆ្នាំ​រូបនេះ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​ក្លឹប​យក្ស​អ៊ីតាលី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ គាត់​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ Juventus ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត Coppa Italia ទល់​នឹង​ក្លឹប Spal FC កាល​ពី​ខែ​មករា ឆ្នាំ 2021។

ក្រោយ​មក​ទៀត Nicolo Fagioli បាន​ខ្ចី​ជើង​ទៅ Cremonese ដែល​ជា​កន្លែង​គាត់​​រីក​ចម្រើន​ខ្លាំង ក្នុង​រដូវកាល 2022-2023 ដោយ​បាន​បង្ហាញ​ខ្លួន 37 ប្រកួត និង​ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់, Assist 5 ហើយ​ទើប​ត្រឡប់​មក Juventus វិញ​នៅ​មុន​រដូវកាល​ថ្មី​នេះ​ចាប់​ផ្ដើម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ​រឿង​អាស្រូវ​បាន​កើត​ឡើង​ដោយ​របាយការណ៍​ពី La Gazzetta dello Sport បាន​អះអាង​ថា Fagioli កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ដោយ​ព្រះរាជ​អាជ្ញា​នៅ​ទី​ក្រុង Turin សម្រាប់​ការ​ប្រព្រឹត្តិ​ល្បែង​ភ្នាល់​ដោយ​ខុសច្បាប់​របស់​គាត់។ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​នោះ​គឺ ប្រសិន​បើ​ទោស​កំហុស​របស់ Nicolo Fagioli រក​ឃើញ​ជាក់​ស្ដែង​ពិត​ប្រាកដ​មែន នោះ​គាត់​នឹង​ត្រូវ​ព្យួរ​អាជីព​ពី​បាល់ទាត់​រយៈពេល​យូរ​រហូត​ដល់ 3 ឆ្នាំ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២