Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ប្រាប់​អ្នកគាំទ្រ​កុំ​​ឲ្យ​ស្រែក​ជេរ Jordan Henderson

Published

on

គ្រូ​បង្វឹក​លោក Gareth Southgate បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​អង់គ្លេស​ដែល​ស្រែកជេរ Jordan Henderson ក្នុង​កំឡុង​ពេល​ប្រកួត​ដែល​ពួក​គេ​យក​ឈ្នះ 1-0 ទៅ​លើ​អូស្ត្រាលីកាល​ពី​ម្សិលមិញ។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី​ពីរ​របស់ Ollie Watkins គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុម​តោ​កំណាច​អង់គ្លេស ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នោះ។

យ៉ាង​ណា​មិញ ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អ៊ីតាលី​នៅ​ប្រកួត​បន្ទាប់ ដែល​ជា​ការ​ប្រកួត​​ជម្រុះ Euro 2024 នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។ Jordan Henderson បាន​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង ក្នុង​នាម​ជា​កាពីតែន​ក្រុម​សម្រាប់​ការ​ប្រកួត​កាល​ពី​ម្សិលមិញ ប៉ុន្តែ​ត្រូវ​បាន​អ្នកគាំទ្រ​សើច​ចំអក​នៅ​ពេល​ដែល​គាត់​បាន​ប្ដូរ​ចេញ​នៅ​ដើម​តង់ទី 2។

អតីត​កីឡាករ​របស់​ហង្សក្រហម Liverpool រូប​នេះ កន្លង​មកបាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រធាន​បទ​នៃ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍ LGBT+ ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​គាត់ ក្នុង​ការ​ផ្ទេរ​ទៅ​លេង​នៅ Saudi Pro League កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ។

ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ដែរ លោក Gareth Southgate បាន​​និយាយ​បន្ទាប់​ពី​ការ​ប្រកួត​ថា៖ “ខ្ញុំ​​ពិត​ជា​មិន​យល់​ពី​រឿង​នេះ​​ទេ។ គាត់​ជា​កីឡាករ​ដែល​ខ្ញុំ​គិត​ថា បាន​បង្ហាញ​ខ្លួន 79 ប្រកួត​សម្រាប់​ប្រទេស​អង់គ្លេស ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់ និង​អ្វី​ដែល​គាត់​បាន​ផ្តល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ពិត​ជា​ពិសេស​អស្ចារ្យ​ណាស់”។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២