Connect with us

បាល់ទាត់អន្តរជាតិ

Man City ឈរ​ក្នុង​គោល​ជំហរ​ច្បាស់​លាស់ មិន​លក់ Julian Alvarez ទៅ​ឲ្យ​ក្លឹប​ណា​ទាំង​អស់ សូម្បី​តែ Real Madrid

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​បដិសេធ​ចំពោះ​ក្លឹប​ផ្សេងៗ​ដែល​ចង់​បាន​ Julian Alvarez ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ កំពុង​ទាក់ទាញ​ភ្នែក​ពី​ក្លឹប​យក្ស​អេស្ប៉ាញ 2 គឺ Barcelona និង Real Madrid។

កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ គឺ​ជា​កីឡាករ​ម្នាក់ ក្នុង​ចំណោម​កីឡាករ​ដែល​កំពុង​ឡើង​ជើង​ផ្សេង​ទៀត ខណៈ​ដែល​នៅ​រដូវកាល​ថ្មី​នេះ គាត់​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 3 ដង​មក​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន 9 ប្រកួត ក្នុង​ក្រប​ខ័ណ្ឌ Premier League។

Alvarez ជា​ខ្សែ​ប្រយុទ្ធ​ដែល​ស្ថិត​នៅ​ក្រោយ​ជម្រើស​របស់ Erling Haaland ប៉ុន្តែ​ស្ថិតិ​នៃ​ការ​បង្កើត​ឱកាស និង​ការ​រក​គ្រាប់​បាល់​របស់​គាត់ ស្ទើរ​តែ​ល្អ​ជាង Haaland ទៅ​ទៀត។ ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ជំនួប​ជាមួយ Brighton ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​បាន​ស៊ុត​បាល់​បើក​ឆាក​សម្រាប់ Man City ដោយ​ចំណាយ​ពេល​ត្រឹម​តែ 7 នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​ចាប់​ផ្ដើម​ការ​ប្រកួត។

បែរងាក​មក​មើល​ការ​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វិញ កីឡាករ​វ័យ​ក្មេង​រូប​នេះ នៅ​តែ​មាន​ទម្រង់​លេង​ដ៏​ល្អ និង​ក្លាយ​ជា​ជម្រើស​សំខាន់​របស់​អាហ្សង់ទីន ដោយ​ដណ្ដើម​កៅអី​ជា​ជម្រើស​ដំបូង​ពី Lautaro Martinez ថែម​ទៀត​ផង។ Julian Alvarez ក៏​ជា​កូន​សោរ​ដ៏​សំខាន់​ក្នុង​ការ​លើក​ពាន​ World Cup របស់​ក្រុម​ពពកស​អាហ្សង់ទីន​ផង​ដែរ កាល​ពី​ឆ្នាំ​មុន។

យោងតាម​សារព៌តមាន Football Insider បាន​ឲ្យ​ដឹង​ថា Manchester City មាន​ទំនុក​ចិត្ត​​ទៅ​លើ​ទម្រង់​លេង​ដែល​ល្អ​កាន់​តែ​ខ្លាំង​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​របស់ Alvarez ហើយ​ពួក​គេ​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​បដិសេធ​ក្លឹប​ធំៗ​មួយ​ចំនួន​ដែល​កំពុង​ចង់​បាន​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ។ គេ​បាន​ដឹង​ថា Julian Alvarez កំពុង​ស្ថិត​ក្នុង​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្លឹប​យក្ស​​នៅ La Liga គឺ Real Madrid និង Barcelona ដោយ​ក្លឹប​ទាំង 2 នេះ​ចង់​នាំ​យក​គេ​ទៅ​ទឹកដី​អេស្ប៉ាញ​នៅ​ក្នុង​ឆ្នាំ 2024។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២