បាល់ទាត់អន្តរជាតិ
Tottenham Hotspur ចាប់អារម្មណ៍លើខ្សែការពារមួយរូបដែលកំពុងលេងនៅលីគកំពូលរបស់ប្រទេសម៉ិកស៊ិកូ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Sebastian Caceres របស់ក្លឹប America ដែលជាក្លឹបស្ថិតនៅលីគកំពូលនៃប្រទេសម៉ិកស៊ិកូ។ កាលពីដើមរដូវកាលកន្លងទៅ Tottenham Hotspur បានពង្រឹងខ្សែការពាររបស់ពួកគេដោយចុះហត្ថលេខាលើ Van de Ven និង Ashley Phillips។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក មានតែ Van de Ven ប៉ុណ្ណោះ ដែលអាចលេងជាដៃគូនៅតំបន់ការពារកណ្តាលបានល្អជាមួយនឹង Cristian Romero ខណៈដែល Ashley Phillips ភាគច្រើនជាកីឡាករដែលអង្គុយនៅកៅអីបម្រុង។ Van de Ven បានលេងជាជម្រើសដំបូងគ្រប់ប្រកួតនៅ Premier League។
ផ្សេងពីនេះទៀត Van de Ven ក៏បានដណ្ដើមតំណែងរបស់ Eric Dier ផងដែរ ដែលធ្វើឲ្យកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេគិតថា អាចនឹងពិចារណាចាកចេញពីក្លឹបនៅខែមករាដើមឆ្នាំក្រោយ។ ស្របពេលជាមួយគ្នានេះ យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានកំណត់គោលដៅលើ Caceres ជាខ្សែការពារដែលពួកគេពេញចិត្ត ជាពិសេសកីឡាករវ័យ 24 ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពដ៏លេចធ្លោរកាន់តែខ្លាំងជាមួយក្រុមជម្រើសជាតិកាលពីពេលថ្មីៗនេះ សម្រាប់ជ័យជម្នះ 2-0 របស់អ៊ុយរូហ្គាយទៅលើប្រេស៊ីលក្នុងវគ្គជម្រុះ World Cup តំបន់អាមេរិចឡាទីន។
ប្រភព: Sportsmole