Connect with us

បាល់ទាត់អន្តរជាតិ

ឡើង​ជើង​ខ្លាំង!!! Tottenham Hotspur ពិចារណា​ផ្ទេរ ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់​ទៀត​នៅ​ដើម​ឆ្នាំ​ក្រោយ!!!

Published

on

ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​មើល​ការ​ផ្ទេរ​កីឡាករ​ឆ្នើម​ម្នាក់​នៅ​ពាក់​កណ្តាល​រដូវកាល​នេះ ដែល​កីឡាករ​នោះ​គឺ​ខ្សែប្រយុទ្ធ​ស្លាប Federico Chiesa របស់​ក្លឹប​សេះ​បង្កង់ Juventus។ ជម្រើស​នៃ​ការ​ចូលរួម​ជាមួយ​ក្លឹប​មាន់​ខ្នាយមាស​ពី​សំណាក់ Federico Chiesa គឺ​ជា​ជម្រើស​ដែល​អាច​ទៅ​រួច ស្រប​ពេល​ដែល​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​កំពុង​មាន​ទម្រង់​លេង​ល្អ​ខ្លាំង។

ទន្ទឹម​នឹង​នេះ​ដែរ Federico Chiesa នៅ​តែ​មាន​ទម្រង់​លេង​ល្អ​ខ្លាំង សម្រាប់​យុទ្ធនាការ​រដូវកាល​ថ្មី 2023-2024 ដោយ​ស៊ុតបញ្ចូលទី​បាន 4 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ម្ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ចំនួន 8 ប្រកួត។ យ៉ាង​ណា កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ នៅ​សល់​កុងត្រា​តិច​ជាង 2 ឆ្នាំ​ទៀត​ប៉ុណ្ណោះ ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។

ថ្មីៗនេះ​ក្លឹប​បិសាចក្រហម Manchester United ក៏​បាន​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ដែរ ខណៈ​ដែល​ពួក​គេ​ចង់​នាំ​យក​គាត់​មក​ជំនួស​កន្លែង​របស់ Jadon Sancho ដែល​ត្រៀម​ចាកចេញ​នៅ​ដើម​ឆ្នាំ 2024 ខាង​មុខ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យោងតាម​របាយការណ៍​ពី Calciomercato បាន​អះអាង​ថា Tottenham Hotspur កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ជា​មួយ​នឹង​ការ​ដេញ​ថ្លៃ​ប្រហែល 60 លានអឺរ៉ូ (52 លានផោន) ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ ខណៈ​ដែល Juventus ត្រូវ​បាន​គេ​ដឹង​ថា នឹង​ពិចារណា​លក់​គាត់​ក្នុង​តម្លៃ​ប៉ុណ្ណេះ​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២