Connect with us

បាល់ទាត់អន្តរជាតិ

Man City ចាប់​អារម្មណ៍​ខ្លាំង​លើ Warren Zaire-Emery របស់ PSG

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​រក្សា​ចិត្ត និង​ក្តី​សង្ឃឹម​របស់​ខ្លួន ក្នុង​ការ​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​ឆ្នើម​របស់​ក្លឹប Paris Saint-Germain គឺ​ខ្សែបម្រើ Warren Zaire-Emery ស្រប​ពេល​ដែល​កីឡាករ​វ័យ 17 ឆ្នាំ​រូប​នេះ កំពុង​ត្រៀម​ចរចា​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ផង​ដែរ។

យ៉ាង​ណា​មិញ ខ្សែបម្រើ​ដែល​កើត​ក្នុង​ឆ្នាំ 2006 រូប​នេះ បាន​ចាប់​ផ្ដើម​លេច​ធ្លោរ​យ៉ាង​ខ្លាំង ចាប់​តាំង​ពី​គាត់​ត្រូវ​បាន​ប្រូម៉ូត​ឡើង​មក​លេង​ជា​មួយ​ក្រុម​ឈុត​ធំ​របស់​ក្លឹប​ក្នុង​​ឆ្នាំ 2022។ ក្នុង​នាម​ជា​ខ្សែបម្រើ​កណ្ដាល​ដ៏​ល្អ​មួយ​រូប​របស់ PSG កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​បារាំង​រូប​នេះ​បង្ហាញ​ខ្លួន​សរុប 42 ប្រកួត​មក​ហើយ។

Zaire-Emery បាន​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG ក្នុង​ការ​ប្រកួត​ទល់​នឹង Clermont នៅ​ថ្ងៃ​បើក​ការ​ប្រកួត Ligue 1 កាល​ពី​ឆ្នាំ​មុន ដោយ​ពេល​នោះ​គាត់​មាន​អាយុ 16 ឆ្នាំ 4 ខែ និង 29 ថ្ងៃ។ ជាមួយ​នឹង​ទេពកោសល្យ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ក្លាយ​ជា​តារា​ឆ្នើម​មួយ​រូប​នេះ​ពេល​អនា​គត​នោះ ក្លឹប​ធំៗ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​លើ Zaire-Emery ខណៈ​ដែល PSG ក៏​ត្រៀម​ខ្លួន​ដើម្បី​ចង​ជើង​គាត់​ដោយ​ចរចា​បន្ត​កុងត្រា​ថ្មី​ផង​ដែរ។

កុងត្រា​បច្ចុប្បន្ន​របស់ Warren Zaire-Emery មាន​សុពលភាព​ដល់ ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2025 ហើយ​ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស Manchester City ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ចង់​នាំ​យក​គាត់​ទៅ​ទឹកដី​អង់គ្លេស។ យោង​ទៅ​តាម​របាយការណ៍​ពី Sport Zone បាន​អះអាង​ថា Man City កំពុង​ពិចារណា​ផ្ទេរ Zaire-Emery ស្រប​ពេល​ដែលក្លឹប​ម្ចាស់​ជើង​ឯក​អាឡឺម៉ង់ Bayern Munich ក៏​ពេញ​ចិត្ត​នឹង​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២