បាល់ទាត់អន្តរជាតិ
ក្លឹបមួយចំនួននៅ Premier League កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធមួយរូបរបស់ Bayern Munich
ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich គឺកីឡាករ Mathys Tel ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់ក្លឹបមួយចំនួននៅ Premier League។ គួរដឹងផងដែរថា ក្នុងខែកក្កដា ឆ្នាំ 2022 ពេលដែល Mathys Tel មានអាយុត្រឹមតែ 17 ឆ្នាំប៉ុណ្ណោះ Bayern Munich ហ៊ានចំណាយប្រាក់រហូតដល់ 28.5 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាគេពីក្លឹប Rennes។
Bayern Munich ហាក់បានចាត់ទុកកីឡាករវ័យក្មេងរូបនេះ ជាកីឡាករដ៏មានទេពកោសល្យនាពេលអនាគតរួចទៅហើយ ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយក្លឹបយក្សអាឡឺម៉ង់មួយនេះរហូតដល់ឆ្នាំ 2027។ ទោះបីមិនមែនជាជម្រើសដំបូងរបស់គ្រូបង្វឹកក៏ដោយ Mathys Tel បានបង្ហាញខ្លួននៅលើទីលានជាញឹកញាប់ ហើយនៅរដូវកាលនេះគាត់បានចូលលេង 17 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់។
យោងតាមរបាយការណ៍ពី BILD បានអះអាងឲ្យដឹងថា ក្លឹបនៅ Premier League របស់អង់គ្លេសដែលគេមិនបញ្ចេញឈ្មោះមួយចំនួន កំពុងចាប់ផ្តើមពិចារណាពីលទ្ធភាពនៃការផ្ទេរ Mathys Tel។ គេបានប៉ាន់ស្មានថា Bayern Munich មិនចង់លក់ខ្សែប្រយុទ្ធរូបនេះឡើយ តែបើសិនជាលក់ ក៏មានតម្លៃផ្ទេរដ៏ខ្ពស់មួយផងដែរ ប្រហែលជាអាចខ្ទង់ក្បែរ 50 លានអឺរ៉ូ។
ប្រភព: Sportsmole