បាល់ទាត់អន្តរជាតិ
Newcastle កំពុងពិចារណាចង់បាន David de Gea បន្ទាប់ពីអ្នកចាំទីរបស់ខ្លួនមានរបួស

ក្លឹប Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងថ្លឹងថ្លែងពិចារណាក្នុងការចុះហត្ថលេខាលើអតីតអ្នកចាំទីរបស់បិសាចក្រហម Manchester United គឺកីឡាករ David de Gea ស្របពេលដែលអ្នកចាំទីរបស់ពួកគេ Nick Pope បានរងរបួសស្មា នៅក្នុងការប្រកួតកាលពីប៉ុន្មានថ្ងៃមុន ដែលពួកគេទទួលបានជ័យជម្នះ 1-0 ទៅលើ Man United។
យ៉ាងណាមិញ អ្នកចាំទីវ័យ 31 ឆ្នាំ Nick Pope ត្រូវបានគិតថា អាចនឹងត្រូវការការវះកាត់ និងត្រូវអវត្តមានពីលើទីលានប្រកួតប្រហែល 4 ទៅ 5 ខែ។ អវត្ដមានរបស់ Nick Pope ទំនងជានឹងត្រូវស្នងតំណែងដោយអ្នកចាទីដៃទី 2 Martin Dubravka ខណៈដែល Loris Karius និង Mark Gillespie គឺជាជម្រើសបម្រុងទុក។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមកាសែត Daily Mail បានឲ្យដឹងថា ក្លឹប Newcastle កំពុងស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើកីឡាករដែលគ្មានតម្លៃខ្លួន David de Gea នៅខែមករាខាងមុខ។ ដោយឡែកសម្រាប់ De Gea គាត់ជាកីឡាករដែលគ្មានក្លឹបលេងទេ ចាប់តាំងពីបានចាកចេញពី Man United កាលពីខែកក្កដាកន្លងទៅ។
ប្រភព: Sportsmole