បាល់ទាត់អន្តរជាតិ
Real Madrid បដិសេធមិនលក់ Brahim Diaz ទៅឲ្យក្លឹប Napoli
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានច្រានចោលសំណើរផ្ទេរមួយ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅដើមរដូវកាលនេះ ដែលនោះគឺជាសំណើរពីក្លឹប Napoli ដោយក្លឹបយក្សនៅអ៊ីតាលី បានចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធស្លាប Brahim Diaz។
យ៉ាងណាមិញ Brahim Diaz បានត្រឡប់មក Bernabeu វិញ បន្ទាប់ពីបញ្ចប់ការខ្ចីជើងរយៈពេល 3 ឆ្នាំរបស់គាត់នៅ AC Milan។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ពិតជាមានទម្រង់លេងដ៏លេចធ្លោរ ពេលគាត់ប្រកបអាជីពនៅទឹកដី Serie A នៃប្រទេសអ៊ីតាលី។ កីឡាករវ័យ 24 ឆ្នាំរូបនេះបានរួមចំណែកស៊ុតបញ្ចូលទីបាន 14 គ្រាប់កាលពីរដូវកាលមុន ខណៈដែល AC Milan បានបញ្ចប់រដូវកាលដោយ ទទួលបានចំណាត់ថ្នាក់លេខ 4 និងមានកៅអីសម្រាប់ការលេងពាន UEFA Champions League។
ក្នុងអំឡុងពេលនោះ ក្លឹបធំៗជាច្រើនត្រូវបានគេដឹងថាចង់បាន Brahim Diaz ខណៈដែល Real Madrid ត្រៀមនាំយកគាត់មកទឹកដីអេស្ប៉ាញវិញ។ របាយការណ៍មួយបានបង្ហើបឲ្យដឹងថា Real Madrid បានបដិសេធរាល់សំណើរពីក្លឹបផ្សេងៗជាច្រើន ដែលចង់បានខ្សែប្រយុទ្ធរូបនេះ ហើយក្នុងនោះក៏មានក្លឹបអ៊ីតាលី Napoli ផងដែរ។
Real Madrid បានសម្រេចចិត្តនាំយកគាត់ត្រឡប់មកវិញ ហើយនៅក្នុងការវិលត្រឡប់មកវិញរបស់គាត់លើកនេះ គ្រូបង្វឹកលោក Carlo Ancelotti បានប្រើប្រាស់កីឡាករមាឌល្អិតរូបនេះជាញឹកញាប់ ជាមួយនឹងការបង្ហាញខ្លួនបានចំនួនសរុបបាន 13 ប្រកួតផងដែរ នៅរដូវកាលនេះ។
ប្រភព: Sportsmole