បាល់ទាត់អន្តរជាតិ
Arsenal កំពុងត្រៀមសំណើរ 60 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Brahim Diaz
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid គឺកីឡាករ Brahim Diaz នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។
យ៉ាងណាមិញកីឡាករវ័យ 24 ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់សម្រាប់ក្លឹប Real Madrid ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 ដង ក្នុងការបង្ហាញខ្លួនចំនួន 23 លើកនៃការប្រកួតលីគកំពូល La Liga។
ផ្សេងពីនេះទៀត Brahim Diaz កំពុងរីករាយជាមួយនឹងជីវិតបាល់ទាត់របស់គាត់បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Carlo Ancelotti បន្ទាប់ពីបានឃ្លាតឆ្ងាយពីទឹកដីអេស្ប៉ាញរយៈពេល 3 ឆ្នាំ ដោយខ្ចីជើងទៅកាន់ក្លឹបយក្សអ៊ីតាលី AC Milan ចន្លោះឆ្នាំ 2020 និង 2023។
ស្របពេលជាមួយគ្នានេះដែរ រដូវកាលក្រោយមិនប្រាកដថា Brahim Diaz នឹងក្លាយជាជម្រើសសំខាន់របស់ក្រុមបន្តទៀតនោះទេ ខណៈដែលពួកគេនឹងមានកីឡាករចំណូលថ្មី Kylian Mbappe។ ដោយឡែកថ្មីៗនេះ យោងតាមរបាយការណ៍របស់ Nacional បានឲ្យដឹងថា Arsenal ចាប់អារម្មណ៍លើការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Brahim Diaz នៅមុនរដូវកាលថ្មីចាប់ផ្ដើម។ គេបានអះអាងថា ក្លឹបកាំភ្លើងធំសុខចិត្តចំណាយយ៉ាងហោចណាស់ 60 លានផោន ដើម្បីចរចាទិញយកគេពី Real Madrid។
ប្រភព: Sportsmole


