Connect with us

បាល់ទាត់អន្តរជាតិ

Newcastle ពិចារណា​​ផ្ទេរ Hugo Lloris នៅ​ខែ​មករា ដើម​ឆ្នាំ​ក្រោយ

Published

on

ក្លឹប Newcastle United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការ​ចុះ​ហត្ថលេខា​លើ​អ្នកចាំទី​របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur គឺ​កីឡាករ Hugo Lloris នៅ​ខែ​មករា​ខាង​មុខ។ បច្ចុប្បន្ន Newcastle United មិន​មាន​អ្នកចាំទី​ជម្រើស​ដំបូង​ឡើយ ខណៈ​ដែល Nick Pope បាន​រងរបួស​ត្រូវ​សម្រាក​ពី​លើ​ទីលាន​រយៈពេល​ប្រហែល 4 ខែ។

កីឡាករ​សញ្ជាតិ​អង់គ្លេស Nick Pope បាន​ទទួល​ការ​វះកាត់​របួស​របស់​ខ្លួន ស្រប​ពេល​ដែល Martin Dubravka បាន​ក្លាយ​ជា​អ្នកចាំទី​សំខាន់​របស់​ក្រុម។ កីឡាករ​សញ្ជាតិ​ស្លូវ៉ាគី​រូប​នេះ នឹង​ត្រូវ​បាន Newcastle ប្រើប្រាស់​រហូត​ដល់​ពួក​គេ​អាច​ស្វែងរក​បេក្ខភាព​អ្នកចាំទី​ចំណូល​ថ្មី ខណៈ​ដែល Loris Karius និង Mark Gillespie ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​លក់​ចេញ​របស់​ក្លឹប។

បន្ទាប់​ពី Nick Pope របួស​មក Newcastle ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ចង់​បាន​អ្នកចាំទី​ឆ្នើមៗ​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន David de Gea ដែល​ជា​អតីត​អ្នកចាំទី​របស់​ក្លឹប​បិសាចក្រហម​ផង​ដែរ។ ដោយ​ឡែក​នៅ​ពេល​នេះ យោង​ទៅ​តាម​របាយការណ៍​ពី The Mirror បាន​ឲ្យ​ដឹង​ថា Newcastle កំពុង​ត្រៀម​ពិភាក្សារ​ជាមួយ Hugo Lloris។

អតីត​អ្នកចាំទី​ដែល​ធ្លាប់​ឈ្នះពាន World Cup ជា​មួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ បច្ចុប្បន្ន​ក៏​កំពុង​ចង់​ចាកចេញ​ពី​ក្រុម​របស់​លោក Ange Postecoglou ផង​ដែរ ព្រោះ​ក្លឹប​បាន​សម្រេច​ចិត្ត​ប្រើប្រាស់​អ្នកចាំទី​ដៃទី​មួយ Guglielmo Vicario ហើយ Hugo Lloris បាន​បាត់​បង់​ឱកាស​បង្ហាញ​សមត្ថភាព​ស្ទើរតែ​ទាំង​ស្រុង​នៅ​រដូវកាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២