Connect with us

បាល់ទាត់អន្តរជាតិ

Man City រង​ការ​ពិន័យ​ជា​ប្រាក់ 120,000 ផោន ជុំវិញ​ករណី​ដែល​កីឡាករ​របស់​ខ្លួន​ចោម​គ្នា​ស្រែក​ដាក់​អាជ្ញា​កណ្ដាល

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​សមាគមន៍​បាល់ទាត់​របស់​អង់គ្លេស (FA) ពិន័យ​ជា​ប្រាក់​ចំនួន 120,000 ផោន បន្ទាប់​ពី​ករណី​ដែល​កីឡាករ​របស់​ពួក​គេ​ជា​ច្រើន​បាន​ចោមរោម​តវ៉ា​អាជ្ញាកណ្តាល​លោក Simon Hooper ក្នុង​អំឡុង​ពេល​ប្រកួត​ទល់​នឹង​មាន់ខ្នាយមាស ជាមួយ​​លទ្ធផល 3-3 ទល់​នឹង Tottenham Hotspur កាល​ពី​ដើម​ខែ​នេះ។

យ៉ាង​ណា​មិញ​ក្រុម​របស់​លោក Pep Guardiola ទទួល​បាន​តែ 1 ពិន្ទុ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត Premier League ជាមួយ​នឹង Tottenham Hotspur បន្ទាប់​ពី Dejan Kulusevski រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ចុង​ម៉ោង មុន​ចប់​ការ​ប្រកួត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​ប្រកួត​ដ៏តាន​តឹង​រវាង​ក្រុម​ទាំង 2 នោះ Man City មាន​ឱកាស​ស៊ុត​គ្រាប់​ទី 4 ដើម្បី​ឈ្នះ​ការ​ប្រកួត ប៉ុន្តែ​ខណៈ​ដែល Jack Grealish អូស​បាល់​ដាច់​តែ​ឯង​នោះ អាជ្ញា​កណ្ដាល​បាន​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត។

ស្រប​ពេល​ដែល Jack Grealish បាន​អូស​បាល់​ដាច់​ម្នាក់​ឯង​អាជ្ញា​កណ្ដាល​លោក Simon Hooper បាន​សម្រេច​ចិត្ត​ផ្លុំ​កញ្ចែ​បញ្ឈប់​សកម្មភាព​នោះ ដោយ​ពិន័យ​លើ​ការ​បង្ករ​កំហុស​របស់ Emerson Royal ទៅ​លើ​ខ្សែប្រយុទ្ធ Erling Haaland ទៅ​វិញ។ ភ្លាមៗ​នោះ Haaland បាន​បញ្ចេញ​កំហឹង​របស់​គាត់ នៅ​ចំពោះ​មុខ​លោក Hooper ខណៈ​ដែល​កីឡាករ Man City ជា​ច្រើន​នាក់​ទៀត​បាន​រត់​មក​ឡោមព័ទ្ធ​អាជ្ញាកណ្តាល​ដោយ​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​គាត់​ផ្លុំ​កញ្ចែ​នៅ​ពេល​ដែល​បាល់​របស់​ពួក​គេ​កំពុង​ចំណេញ។

បន្ត​ពី​នោះ​មក រឿង​នេះ​ត្រូវ​បាន​ស្ងប់ស្ងាត់ ប៉ុន្តែ​ឥឡូវ​នេះ Man City បាន​ទទួល​ការ​ពិន័យ​ជា​ប្រាក់​ពី FA ចំពោះ​ការ​មិន​ចេះ​គ្រប់គ្រង​កីឡាករ​របស់​ពួកគេ។ សេចក្តី​ថ្លែង​ការណ៍​របស់ FA បាន​សរសេរ​ថា៖ “Manchester City ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ 120,000 ផោន បន្ទាប់​ពី​កីឡាករ​របស់​ពួកគេ​បានឡោមព័ទ្ធ​មន្ត្រី​អាជ្ញា​កណ្ដាល ក្នុង​ការ​ប្រកួត Premier League ជាមួយ Tottenham Hotspur នៅ​ថ្ងៃ​អាទិត្យ ទី 3 ខែធ្នូ កន្លង​ទៅ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២