Connect with us

បាល់ទាត់អន្តរជាតិ

Van Dijk ចាត់​ទុក​ខ្សែប្រយុទ្ធ​កណ្ដាល​រូប​នេះ​ថា ជា​កីឡាករ​ដែល​គាត់​ពិបាក​ទប់ទល់​បំផុត

Published

on

ខ្សែ​ការពារ Virgil van Dijk របស់​ក្លឹប​ហង្សក្រហម Liverpool បាន​ជ្រើសរើស Olivier Giroud ថា​ជា​គូប្រជែង​ដ៏​ស្វិតស្វាញ និង​ពិបាក​ទប់ទល់​បំផុត​ក្នុង​ចំណោម​កីឡាករ​ជា​ច្រើន​ទៀត​ដែល​គាត់​ធ្លាប់​ជួប ហើយ​គាត់​បាន​ចាត់​ទុក​ខ្សែប្រយុទ្ធ​ជើង​ចាស់​របស់​ក្លឹប AC Milan រូប​នេះ​ថា​ប្រៀបដូច​ជា “Bogeyman” ផង​ដែរ។

យ៉ាង​ណា​មិញ​កីឡាករ​វ័យ វ័យ 32 ឆ្នាំ Virgil van Dijk ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្សែ​ការពារ​កណ្តាល​ដ៏​ល្អ​បំផុត​ម្នាក់​នា​ពេល​បច្ចុប្បន្ន ហើយ​គាត់​ធ្លាប់​បាន​ប្រកួត​តទល់​នឹង​ខ្សែប្រយុទ្ធ​ឆ្នើមៗ​ជា​ច្រើន​ក្នុង​ពិភពបាល់ទាត់ ទាំង​ក្នុង​កម្រិត​នៃ​ការ​ប្រកួត​របស់​ក្លឹប និង​កម្រិត​នៃ​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ។

គួរ​រំលឹក​ផង​ដែរ​ថា គ្មាន​កីឡាករ​ណា​ម្នាក់​អាច​យក​ឈ្នះ និង​អូសបាល់​ផុត Van Dijk បាន ក្នុង​រដូវកាល​នេះ​ឡើយ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ហូឡង់​រូបនេះ​បាន​សារភាព​ថា គាត់​ពិបាក​បិទ​បំផុត​សម្រាប់​កីឡាករ​បារាំង Olivier Giroud ដោយ​កីឡាករ​​វ័យ 37 ឆ្នាំ​រូប​នេះ​ធ្លាប់​ជា​អតីត​កីឡាករ​របស់​ក្លឹប​កាំភ្លើងធំ Arsenal និង​តោខៀវ Chelsea ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។

Virgil van Dijk បាន​និយាយ​ថា៖ “គាត់​បាន​ស៊ុត​បញ្ចូល​ទី​ជា​ញឹក​ញាប់​ពេល​លេង​តទល់​នឹង​​ខ្ញុំ។ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា ខ្ញុំ​ចាប់​គាត់​ជាប់ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គាត់​តែងតែ​អាច​រក​គ្រាប់​បាល់​បាន មិន​ថា​សម្រាប់​ពេលវេលា​ដែល​គាត់​លេង​នៅ Arsenal, Chelsea រឺ​ក្រុម​ជម្រើស​ជាតិ​បារាំង​នោះ​ទេ គាត់​តែងតែ​ស៊ុត​បញ្ចូល​ទី”។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២