Connect with us

បាល់ទាត់អន្តរជាតិ

Mohamed Salah រង​របួស​ក្នុង​អំឡុង​ពេល​បំពេញ​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប

Published

on

ខ្សែប្រយុទ្ធ Mohamed Salah របស់​ក្លឹប​ហង្សក្រហម Liverpool បាន​រង​របួស​អំឡុង​ពេល​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល Afcon Cup របស់​អេហ្ស៊ីប​ទល់​នឹង​ហ្គាណា កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។ ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ បាន​ប្ដូរ​ចេញ​នៅ​ចុង​តង់​ទី 1 ដោយ​លេង​បាន​រយៈ​ពេល​ត្រឹមតែ​ជាង 40 នាទី​ប៉ុណ្ណោះ។

កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​បាន​ដើរ​ចេញ​ពី​ទីលាន មុន​ពេល​អាជ្ញា​កណ្ដាល​ផ្លុំ​បញ្ចែ​បញ្ចប់​តង់ទី 1 ខណៈ​ដែល​ Mohammed Kudus បាន​ស៊ុត​បញ្ចូលទី​ឲ្យ​ហ្គាណា​នាំ​មុខ​អេហ្ស៊ីប ដោយ​លទ្ធផល 1 ទល់​នឹង 0។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អេហ្ស៊ីប​បាន​វាយ​បក​តាម​ស្មើ​វិញ ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Omar Marmoush នៅ​ដើម​តង់​ទី 2 នាទី 69។

មិន​យូរ​ប៉ុន្មាន​ក្រុម​ជម្រើស​ជាតិ​ហ្គាណា បាន​នាំ​មុខ​ជា​ថ្មី​ម្ដង​ទៀត​ដោយ​លទ្ធផល 2-1 បន្ទាប់​ពី Mohammed Kudus បាន​ស៊ុត​បញ្ចូលទីថែម 1 គ្រាប់​ទៀត។ លទ្ធផល​នេះ​មិន​អាច​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​ឡើយ ហើយ 3 នាទី​ក្រោយ​មក Mostafa Mohamed រក​បាន 1 គ្រាប់ ដើម្បី​ឲ្យ​អេហ្ស៊ីប តាម​ស្មើ 2-2 រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។

អេហ្ស៊ីប នឹង​ត្រូវ​ប៉ះ​ជាមួយ​សាធារណរដ្ឋ Cabo Verde ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល B របស់​ពួក​គេ​នៅ​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​ក្រោយ ហើយ​បន្ទាប់​មក​អេហ្ស៊ីប​អាច​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​ជម្រុះ​នៅ​​ថ្ងៃទី 27 ខែ​មករា ប្រសិន​បើ​ពួកគេ​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល។

ជាមួយ​គ្នា​នោះ​ដែរ តារា​ឆ្នើម និង​ជា​កាពីតែន​ក្រុម Mohamed Salah បាន​រង​របួស ដែល​នេះ​មិន​ត្រឹមតែ​ជា​កង្វល់​របស់​ក្រុម​ជម្រើស​ជា​អេហ្ស៊ីប​ប៉ុណ្ណោះ​ទេ តែ Liverpool ក៏​មាន​ក្ដី​កង្វល់​ផង​ដែរ ដោយ​ពួក​គេ​បាន​បាត់​បង់​តារា​ឆ្នើម​រូប​នេះ អស់​មួយ​រយៈពេល​ធំ​មក​ហើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២