បាល់ទាត់អន្តរជាតិ
បិសាចក្រហម កំពុងសម្លឹងមើលការផ្ទេរខ្សែប្រយុទ្ធមួយរូបដែលមានតម្លៃ 30 លានផោន
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្ទេរមួយនារដូវក្តៅនេះ សម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹប Sporting Lisbon គឺកីឡាករ Marcus Edwards។ កីឡាករវ័យ 25 ឆ្នាំរូបនេះ គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Tottenham Hotspur ដោយគាត់បានចូលរួមជាមួយក្លឹបអង់គ្លេសមួយនេះ តាំងពីអាយុ 8 ឆ្នាំ។
ក្រោយមកទៀត Marcus Edwards បានខ្ចីជើងទៅ Norwich City និង Excelsior មុនពេលចាកចេញជាផ្លូវការណ៍ពីក្លឹប Tottenham Hotspur នៅក្នុងឆ្នាំ 2019 ដើម្បីផ្លាស់ទៅលេងនៅលីគកំពូលរបស់ព័រទុយហ្គាល់ជាមួយក្លឹប Vit. Guimaraes។ ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន 20 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 14 ដង ក្នុងការបង្ហាញខ្លួន 96 ប្រកួត ដែលធ្វើឲ្យ Sporting CP ពេញចិត្តសមត្ថភាពរបស់គាត់ ហើយក៏ចុះហត្ថលេខាផ្ទេរ Marcus Edwards ក្នុងរដូវរងារឆ្នាំ 2022។
គិតមកទល់នឹងពេលនេះ Edwards បានបង្ហាញខ្លួនចំនួន 93 ប្រកួត សម្រាប់ក្លឹប Sporting ដោយស៊ុតបញ្ចូលទីបាន 21 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 22 ដង។ កាលពីមួយរយៈមុន Tottenham Hotspur ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរអតីតកីឡាករវ័យក្មេងរបស់ពួកគេត្រឡប់មកវិញ ប៉ុន្តែបើយោងតាម FootballTransfers ថ្មីៗនេះ បានអះអាងថា Man United គឺជាក្លឹបអង់គ្លេសដែលបង្ហាញការចាប់អារម្មណ៍ខ្លាំងបំផុតលើ Marcus Edwards។ គេបានដឹងថា Man United អាចនឹងហ៊ានដេញថ្លៃក្នុងរង្វង់ទឹកប្រាក់ប្រហែល 30 លានផោន សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។
ប្រភព: Sportsmole