បាល់ទាត់អន្តរជាតិ
Jurgen Klopp កំពុងត្រៀមឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាផ្ទេរខ្សែការពារមួយរូបពីក្លឹប Real Madrid
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេអះអាងថា កំពុងមានចំណាប់អារម្មណ៍ជាខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែការពារ Antonio Rudiger របស់ក្លឹប Real Madrid។ កាលពីល្ងាចថ្ងៃអាទិត្យសប្ដាហ៍មុន Liverpool បានដណ្តើមជ័យជម្នះដោយលទ្ធផល 4-0 ទៅលើ Bournemouth និងកំពុងកាន់កាប់តំណែងកំពូលតារាង Premier League។
ជាមួយគ្នានោះដែរ Liverpool ត្រូវបានគេមើលឃើញថា ជាក្រុមមួយដែលមានកំណត់ត្រាការពារដ៏ល្អបំផុតផងដែរ ក្នុងចំណោមក្រុមផ្សេងៗទៀតរបស់លីគកំពូលនៃប្រទេសអង់គ្លេស។ ទោះជាបែបនេះក៏ដោយ ការពង្រឹងខ្សែការពាររបស់ក្លឹប នៅតែត្រូវយកចិត្តទុកដាក់ខ្លាំងសម្រាប់លោក Jurgen Klopp ខណៈដែល Joel Matip កំពុងប្រឈមនឹងការអវត្តមានពេញមួយរដូវកាល ដោយសាររបួសជង្គង់ ហើយកីឡាកររូបនេះ ក៏ត្រៀមនឹងផុតកុងត្រានៅរដូវក្តៅចុងបញ្ចប់រដូវកាលនេះដែរ។
យោងតាមរបាយការណ៍ពី Nacional បានឲ្យដឹងថា ខ្សែការពារ Antonio Rudiger កំពុងស្ថិតនៅលើរ៉ាដារបស់គ្រូបង្វឹកលោក Jurgen Klopp។ កីឡាករវ័យ 30 ឆ្នាំ Antonio Rudiger នៅតែមានទម្រង់លេងដ៏លេចធ្លោរខ្លាំង ក្នុងរយៈពេល 18 ខែរបស់គាត់នៅ Bernabeu ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គាត់មានបទពិសោធន៍ជោគជាំផងដែរ ក្នុងការលេងនៅ Premier League។
ប្រភព: Sportsmole