បាល់ទាត់អន្តរជាតិ
មានក្លឹបធំៗជាច្រើនចង់បាន តែចុងក្រោយ Arthur Vermeeren សម្រេចចិត្តចូលរួមជាមួយ Atletico Madrid
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយលោក Fabrizio Romano នៅមុននេះបន្តិច បានឲ្យដឹងថា ខ្សែបម្រើ Arthur Vermeeren បានសម្រេចចិត្តចូលរួមជាមួយក្លឹប Atletico Madrid ហើយ ខណៈដែលកិច្ចព្រមព្រៀងរបស់កីឡាករឆ្នើមរូបនេះជាមួយក្លឹបអេស្ប៉ាញ កំពុងឈានដល់ដំណាក់កាលសម្រេចចុងក្រោយ។
យោងតាមប្រភពដដែលនេះដែរ បានឲ្យដឹងថា កីឡាករសញ្ជាតិប៊ែលហ្សិក ដែលកើតក្នុងឆ្នាំ 2005 រូបនេះ នឹងទទួលការពិនិត្យសុខភាពរបស់ខ្លួននៅទីក្រុង Madrid ថ្ងៃនេះ។ គេបានដឹងថា Atletico Madrid បានទិញ Vermeeren ពីក្លឹប Royal Antwerp ជាមួយនឹងតម្លៃខ្លួនជិត 22 លានអឺរ៉ូ ដែលអាចមានប្រាក់បន្ថែមមួយចំនួននាពេលក្រោយទៀតផងដែរ។
គួររំលឹកផងដែរថា Vermeeren ដែលបច្ចុប្បន្នមានវ័យ 18 ឆ្នាំ ចាប់ផ្ដើមលេចធ្លោរខ្លាំង នៅក្នុងការប្រកួតលីគតាំងពីរដូវកាលមុន ដោយគាត់បានរ៉ាប់រងនៅតំបន់បម្រើការពារយ៉ាងល្អ។ នៅរដូវកាលនេះ គាត់នៅរក្សាទម្រង់លេងដ៏ល្អដដែល និងជាពិសេស Vermeeren ទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើនដូចជា Barcelona, Arsenal ជាដើម បន្ទាប់ពីពួកគេបានឃើញសមត្ថភាពរបស់គាត់នៅក្នុងការប្រកួត UEFA Champions League។
ប្រភព: Fabrizio Romano