បាល់ទាត់អន្តរជាតិ
Mikel Arteta ស្រាយការសង្ស័យដែលថា គាត់អាចនឹងទៅដឹកនាំ Barcelona ចុងបញ្ចប់នៃរដូវកាលនេះ
គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានបដិសេធក្នុងគោលជំហរច្បាស់លាស់ ពាក់ព័ន្ធនឹងរបាយការណ៍ដែលផ្សារភ្ជាប់គាត់ជាមួយនឹងមុខតំណែងជាគ្រូបង្វឹកថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ។ កាលពីចុងសប្ដាហ៍មុន Xavi បានធ្វើសេចក្តីប្រកាសជាផ្លូវការណ៍ថា គាត់នឹងចាកចេញពី Camp Nou នៅចុងបញ្ចប់រដូវកាលឆាប់ៗខាងមុខ។
អតីតវីរបុរសរបស់ក្លឹបលោក Xavi Hernandez បានបញ្ជាក់ថា ថ្វីត្បិតតែគាត់ត្រូវចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះក៏ដោយ គាត់នៅតែប្តេជ្ញាចិត្តក្នុងការដឹកនាំក្រុមឲ្យបញ្ចប់ទៅដោយធ្វើឲ្យ Barcelona បញ្ចប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមកំពូលតារាងទាំង 4 (Top-4) នៃក្របខណ្ឌ La Liga និងអាចមានឱកាសឈ្នះពាន UEFA Champions League ឆ្នាំនេះផងដែរ។
ក្រោយប្រកាសពីគម្រោងចាកចេញរបស់ Xavi Hernandez មានគ្រូបង្វឹកជាច្រើនបានផ្សារភ្ជាប់ជាមួយនឹងការទៅដឹកនាំនៅ Barcelona។ ដូចគ្នានេះដែរ របាយការណ៍មួយកាលពីចុងសប្តាហ៍ក្នុងប្រទេសអេស្ប៉ាញបានបង្ហាញថា Arteta ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ កំពុងពិចារណាដើម្បីចាកចេញពី Emirates ទៅជំនួសតំណែងរបស់ Xavi នៅ Barcelona ដែលធ្លាប់ជាអតីតក្លឹបចាស់របស់គាត់។
យ៉ាងណាមិនយូរប៉ុន្មានលោក Mikel Arteta បានបដិសេធលើការអះអាងបែបនេះ ដោយគាត់បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនការប្រកួត Premier League ទល់នឹងក្លឹប Nottingham Forest ថា៖ “ព័ត៌មានខ្ញុំជាមួយ Barcelona គឺក្លែងក្លាយទាំងស្រុង។ នោះជាព័ត៌មានមិនពិតទាល់តែសោះ… ខ្ញុំកំពុងនៅកន្លែងដែលត្រឹមត្រូវជាមួយមនុស្សដែលត្រឹមត្រូវ ហើយមានអារម្មណ៍ល្អណាស់”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar