Connect with us

បាល់ទាត់អន្តរជាតិ

Jesse Lingard រសាត់​អណ្ដែត​ជីវិត​បាល់ទាត់​របស់​ខ្លួន ដល់​លីគ​កំពូល​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប Jesse Lingard ដែល​ជា​អតីត​កីឡាករ​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​របស់​ក្លឹប​បិសាចក្រហម Manchester United បាន​ជ្រើសរើស​ជម្រើស​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​មិន​ត្រូវ​បាន​គេ​រំពឹង​ទុក​ជា​មុន​ឡើយ ដោយ​គាត់​នឹង​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្លឹប​របស់​កូរ៉េ​ខាងត្បូង FC Seoul (នេះ​បើ​យោង​តាម Sky Sports បាន​ចុះ​ផ្សាយ)។

យោងតាម​ប្រភព​ច្បាស់ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន ជាមួយ​នឹង​កុងត្រា​​រយៈ​ពេល 2 ​ឆ្នាំ ជាមួយ​ក្លឹប FC Seoul ហើយ។ ទន្ទឹម​នឹង​នេះ​ដែរ Jesse Lingard ក៏​ត្រូវ​បាន​គេ​ដឹង​ថា មាន​ការ​ពេញ​ចិត្ត​លើ​អ្វី​ដែល​ជា​ជម្រើស​នៃ​ការ​ចូលរួម​ជាមួយ​ក្លឹប​ដែល​ស្ថិត​នៅ​លីគ​កំពូល​របស់​កូរ៉េ​ខាងត្បូង (K League 1) មួយ​នេះ​ផង​ដែរ។

គួរដឹង​ផង​ដែរ​ថា Lingard មិន​មាន​ក្លឹប​លេង​តាំង​ពី​រដូវក្តៅ​ឆ្នាំ​មុន​មក​ម្ល៉េះ បន្ទាប់​ពី​គាត់​បាន​ចាកចេញ​ពី Nottingham Forest។ ចាប់តាំង​ពី​ពេល​នោះ​មក គាត់​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ក្លឹប​ជា​ច្រើន ប៉ុន្តែ​មិន​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​កើត​ឡើង​នោះ​ទេ។ កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​តែងតែ​បង្ហោះ​វីដេអូ​អំពី​ការ​ហ្វឹកហាត់​ដោយ​ខ្លួនឯង ហើយ​កាល​ពី​មួយ​រយៈមុន គាត់​បាន​ទាក់ទង​ទៅ​ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អេស្ប៉ាញ FC Barcelona ផង​ដែរ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​គាត់​ឡើយ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២