Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ផ្នែក​កីឡា​របស់ Barcelona សារភាព​ថា ក្លឹប​របស់​ខ្លួន​មិន​ទាន់​អាច​ស្វែងរក​អ្នក​ជំនួស Busquets បាន​នៅ​ឡើយ​ទេ

Published

on

នាយក​ផ្នែក​កីឡា​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona គឺ​លោក Deco បាន​សារភាព​ថា អតីត​វីរបុរស​របស់​ក្លឹប Sergio Busquets ស្ទើរ​តែ​មិន​អាច​រក​អ្នក​ជំនួស​បាន។ យ៉ាង​ណា​មិញ Busquets ធ្លាប់​ជា​អតីត​ខ្សែបម្រើ​កណ្ដាល​ឆ្នើម​មួយ​រូប ដែល​លេង​ឲ្យ Barcelona តាំង​ពី​នៅ​ឈុត​យុវជន​មក​ម្ល៉េះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​វេលា​មិន​អាច​ហាម​ឃាត់​បាន ជា​ចុង​ក្រោយ​នៅ​ក្នុង​វ័យ 35 ឆ្នាំ Busquets បាន​ចាកចេញ​ទៅ​ទឹកដី​នៃ​សហរដ្ឋ​អាមេរិក ដែល​ជា​ពេល​វេលា​នៃ​អាជីព​បាល់ទាត់​មុន​ចូល​និវត្តន៍​របស់​ខ្លួន។ Busquets គឺ​ជា​ខ្លា​ចាស់​មួយ​រូប​របស់ Barcelona ដោយ​គាត់​បាន​បង្ហាញ​ខ្លួន​សរុប​រហូត​ដល់ 722 ប្រកួត​ឲ្យ​ក្លឹប​កាតាឡាន់ គិត​ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ឈុត​ធំ​ជា​លើក​ដំបូង ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ក្នុង​រដូវកាល​ឆ្នាំ 2008-2009។

បន្ទាប់​ពី​ការ​ចាកចេញ​របស់ Busquets ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ព្យាយាម​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ចំណូល​ថ្មី​ជា​ច្រើន ប៉ុន្តែ​អ្វីៗ​ហាក់​មិន​ដូច​ការ​រំពឹង​ទុក ហើយ​ក្លឹប​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា មិន​ទាន់​មាន​កីឡាករ​ណា​អាច​ស្នង​តំណែង​របស់ Busquets បាន​នៅ​ឡើយ​ទេ។

យ៉ាង​ណា​នាយក​ផ្នែក​កីឡា​របស់ Barcelona បាន​និយាយ​ពី Rodri របស់ Manchester City និង Joshua Kimmich របស់ Bayern Munich ដោយ​គិត​ថា កីឡាករ​ទាំង 2 រូប​នេះ ស្ថិត​នៅ​កម្រិត​របស់ Busquets ប៉ុន្តែ​ពួក​គេ​មាន​ភាព​ស្មុគស្មាញ ដែល​មិន​ងាយ​នឹង​ធ្វើ​ការ​ចុះហត្ថ​លេខា​នាំ​យក​មក Camp Nou បាន។

លោក Deco ដែល​ជា​ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប Barcelona បាន​និយាយ​ថា៖ “វា​ស្ទើរ​តែ​មិន​អាច​ទៅ​រួច​ទេ ក្នុង​ការ​រក​អ្នក​ជំនួស Busquets។ Rodri គឺ​អាច​ស្ថិត​នៅ​កម្រិត Busquets ប៉ុន្តែ Man City នឹង​មិន​លក់​គាត់​ទៅ​ឲ្យ​ក្លឹប​ណា​មួយ​ឡើយ។ ដូចគ្នា​នេះ​ដែរ Kimmich ក៏​ជា​កីឡាករ​កំពូល​ម្នាក់… ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​ទេ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​គាត់”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២