បាល់ទាត់អន្តរជាតិ
Vinicius Jr សង្ឃឹមថា ប្រធានក្លឹប Real Madrid នឹងមិនលក់គាត់ទៅឲ្យ Man United
ខ្សែប្រយុទ្ធឆ្នើម Vinicius Junior បាននិយាយថា គាត់រីករាយក្នុងជីវិតបាល់ទាត់បច្ចុប្បន្ននៅ Real Madrid ហើយសង្ឃឹមថា ប្រធានក្លឹបលោក Florentino Perez នឹងអនុញ្ញាតឲ្យគាត់ស្នាក់នៅទីនេះរយៈពេលជាច្រើនឆ្នាំបន្តទៀត។
យ៉ាងណាមិញកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានខកខានការប្រកួតទល់នឹងក្លឹប Atletico Madrid កាលពីចុងសប្តាហ៍មុន ដែលជាការប្រកួតក្នុងក្របខ័ណ្ឌ La Liga ដោយសារបញ្ហាក ប៉ុន្តែគាត់បានត្រឡប់មកចូលលេងធម្មតាវិញ ក្នុងការប្រកួតកាលពីរំលងអាធ្រាតយប់មិញជាមួយ Girona។
ទោះបីជាទើបត្រឡប់ចូលទីលានវិញក៏ដោយ Vinicius Jr បានបង្ហាញទម្រង់លេងដ៏លេចធ្លោរដដែលទល់នឹង Girona ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 2 ដង។ នៅរដូវកាលនេះ គាត់រកបានគ្រាប់បាល់សរុប 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង ក្នុងការបង្ហាញខ្លួនចំនួន 21 លើកសម្រាប់ Real Madrid។
កីឡាករវ័យ 23 ឆ្នាំរូបនេះ ទើបតែបានចុះកុងត្រាថ្មីជាមួយ Real Madrid កាលពីខែតុលា ឆ្នាំមុន ប៉ុន្តែថ្មីៗនេះមានការរំពឹងទុកជុំវិញអនាគតរបស់គាត់ ស្របពេលដែលក្លឹប Real Madrid កំពុងត្រៀមផ្ទេរ Kylian Mbappe ខណៈដែលអ្នកទាំង 2 សុទ្ធតែមានជំនាញលេងនៅស្លាបឆ្វេងដូចគ្នា។
កាលពីខែមុន មានរបាយការណ៍ជាច្រើនបានអះអាងថា ក្លឹបបិសាចក្រហម Manchester United កំពុងតាមដានលើ Vinicius Jr ហើយពួកគេនឹងហ៊ានចាយប្រាក់យ៉ាងច្រើនដើម្បីនាំយកគាត់ទៅ Old Trafford ប្រសិនបើ Real Madrid សម្រេចចិត្តចែកផ្លូវជាមួយគាត់។
យ៉ាងណាក៏ដោយ Vinicius Jr បានបង្ហាញពីបំណងចង់ស្នាក់នៅ Bernabeu ឲ្យបានយូរតាមដែលអាចធ្វើទៅបាន ដោយគាត់បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា “ខ្ញុំតែងតែរីករាយក្នុងការលេងនៅ Real Madrid។ ខ្ញុំសង្ឃឹមថា ប្រធានក្លឹបនឹងរក្សាទុកខ្ញុំនៅទីនេះបានយូរ”។
ប្រភព: Sportsmole