Connect with us

បាល់ទាត់អន្តរជាតិ

Barcelona នឹង​ឆ្លៀត​ឱកាស​លក់ Alejandro Balde នៅ​ចប់​រដូវកាល​នេះ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ខ្លួន​ដើម្បី​រងចាំ​ឱកាស​ដែល​អាច​លក់ខ្សែ​ការពារ​ស្លាប Alejandro Balde ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ដែល​នឹង​បើក​ឡើង​វិញ​នា​រដូវ​ក្តៅ​ខាង​មុខ​នេះ ដោយ​សារ​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់​ពួក​គេ។

យ៉ាង​ណា​មិញ Alejandro Balde បាន​នៅ​ជាមួយ Barcelona តាំង​ពី​អាយុ 8 ឆ្នាំ​មក​ម្ល៉េះ ដោយ​លេង​តាំង​ពី​នៅ​ឈុត​យុវជន​រហូត​ប្រូម៉ូត​ឡើង​មក​លេង​ជាមួយ​ឈុត​ធំ ជា​លើក​ដំបូង​នៅ​ឆ្នាំ 2021។ គិត​ចាប់​តាំង​ពី​ពេល​នោះ​មក​ទល់​បច្ចុប្បន្ន កីឡាករ​វ័យ 20 ឆ្នាំ​រូបនេះ​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 79 ប្រកួត​ហើយ ដោយ​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង Assists បាន 8 ដង។

ដោយ​ឡែក​សម្រាប់​រដូវកាល​នេះ Balde បាន​បង្ហាញ​ខ្លួន​ចំនួន 28 ប្រកួតប៉ុណ្ណោះ ដោយ​សារ​ការ​វះកាត់​របួស​សរសៃពួរ។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល​វែង​ជាមួយ Barcelona ដែល​មាន​សុពលភាព​រហូត​ដល់ ខែ​មិថុនា ឆ្នាំ 2028។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​យោង​ទៅ​តាម​របាយការណ៍​ពី Mundo Deportivo បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ស្ថិត​ក្នុង​គោលបំណង ដើម្បី​បញ្ចេញ​ខ្សែការពារ​ឆ្វេង​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។ គេ​បាន​ដឹង​ថា Barcelona នឹង​មិន​ព្យាយាម​លក់​គាត់​ចេញ​ជា​មួយ​នឹង​សកម្មភាព​ខ្លាំង​ក្លា​នោះ​ទេ ដោយ​ពួក​គេ​រងចាំ​មើល​ថា តើ​ក្លឹប​ណា​អាច​នឹង​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន Alejandro Balde ខ្ពស់​ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២