បាល់ទាត់អន្តរជាតិ
Bayern Munich កាន់តែឃ្លាតឆ្ងាយពីឱកាសឈ្នះពានលីគ ក្រោយចាញ់ម្ចាស់ផ្ទះ Bochum 3-2 (មានវីដេអូ)
ក្រុមការពារតំណែងជើងឯក Bayern Munich បានរងបរាជ័យក្នុងលទ្ធផល 3-2 នៅលើទឹកដីក្រុមម្ចាស់ផ្ទះ VfL Bochum កាលពីរំលងអាធ្រាតយប់មិញនេះ ដែលវាជាការបរាជ័យ 3 លើកជាប់ៗគ្នារបស់ពួកគេ។ ក្រោយលទ្ធផលនេះដែរ Bayern Munich មានគម្លាតកាន់តែឆ្ងាយពីក្រុមកំពូលតារាង Bayer Leverkusen រហូតដល់ 8 ពិន្ទុ។
យ៉ាងណាមិញ Bayern Munich បានលេងតទល់នឹង VfL Bochum ដោយសល់គ្នាត្រឹមតែ 10 នាក់ប៉ុណ្ណោះនៅនាទីទី 76 ខណៈដែលខ្សែការពារ Dayot Upamecano បានទទួលកាតក្រហមដោយបណ្ដេញចេញពីលើទីលាន។ ខ្សែការពារសញ្ជាតិបារាំងរូបនេះ បានទទួលកាតក្រហមក្នុង 2 ប្រកួតជាប់ៗគ្នាផងដែរ ខណៈដែលកាលពីប្រកួតមុននៅ UEFA Champions League ទល់នឹង Lazio កាលពីប៉ុន្មានថ្ងៃមុននោះ Upamecano ក៏បានកាតក្រហមដែរ។
Bayern Munich ប្រហែលជាមិនអាចកសាងកំណត់ត្រាឈ្នះពានលីកជាលើកទី 12 ជាប់ៗគ្នា បានទេនៅរដូវកាលនេះ ស្របពេលដែលបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងតារាង Bundesliga ដោយមានពិន្ទុសរុប 50 ដេញតាមពីក្រោយ Bayer Leverkusen ដែលមាន 58 ពិន្ទុ។
ប្រភព: Beinsports