បាល់ទាត់អន្តរជាតិ
Man City កំពុងចាប់ចិត្តលើទម្រង់លេងរបស់ខ្សែបម្រើកណ្ដាល Alan Varela របស់ក្លឹប Porto
ក្លឹបមេឃខៀវ Manchester City កំពុងតាមដានយ៉ាងដិតដល់នូវទម្រង់លេងរបស់ ខ្សែបម្រើការពារដែលមានទេពកោលសល្យសញ្ជាតិអាហ្សង់ទីនគឺកីឡាករ Alan Varela របស់ក្លឹប Porto។ កីឡាករឆ្នើមរូបនេះ ត្រូវបាន Porto ចុះហត្ថលេខានាំយកមកពី Boca Juniors កាលពីដើមរដូវកាលកន្លងទៅប៉ុណ្ណោះ ជាមួយនឹងតម្លៃផ្ទេរ 8 លានអឺរ៉ូ។
យោងតាមរបាយការណ៍ពីកាសែត Maisfutebol បានឲ្យដឹងថា ក្លឹបយក្សរបស់អង់គ្លេស Man City បានបញ្ជូនភ្នាក់ងាររបស់ខ្លួន ឲ្យចូលរួមទស្សនាការប្រកួតមួយចំនួនចុងក្រោយកាលពីពេលថ្មីៗនេះរបស់ក្លឹប Porto ដើម្បីសង្កេតមើលទម្រង់លេង និងការបង្ហាញសមត្ថភាពរបស់កីឡាករសញ្ជាតិអាហ្សង់ទីនដែលកំពុងឡើងជើងខ្លាំង Alan Varela។
ទោះជាយ៉ាងណាក៏ដោយ គេបានដឹងថា ក្លឹប Manchester City មិនទាន់ចាប់ផ្តើមការចរចាជាមួយ Porto ទេ ដោយពួកគេគ្រាន់តែវាយតម្លៃលើទម្រង់លេងរបស់ កីឡាកររូបនេះសិនប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ ក៏មានរបាយការណ៍មួយបានបង្ហាញឲ្យដឹងថា Porto នឹងលក់ Alan Varela ក្នុងតម្លៃរហូតដល់ 70 លានអឺរ៉ូ ខណៈដែលកីឡាករវ័យ 21 ឆ្នាំរូបនេះ នៅស្ថិតក្រោមកុងត្រាជាមួយពួកគេរហូតដល់ខែមិថុនា ឆ្នាំ 2028។
ប្រភព: Dailysports