បាល់ទាត់អន្តរជាតិ
Liverpool ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានអឺរ៉ូរបស់ក្លឹប Atalanta
![](https://x-sportkh.com/wp-content/uploads/2024/03/article-003458-1.jpg)
ក្លឹបហង្សក្រហម Liverpool កំពុងត្រៀមលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ ដោយប្រកួតប្រជែងជាមួយ Juventus ដើម្បីចុះហត្ថលេខាលើកីឡាករ Teun Koopmeiners របស់ក្លឹប Atalanta ដែលកំពុងមានទម្រង់លេងលេចធ្លោរខ្លាំង នៅក្នុងលីគកំពូលនៃប្រទេសអ៊ីតាលី Serie A។
ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ស៊ុតបញ្ចូលទីបាន 10 គ្រាប់ ក្នុងការបង្ហាញខ្លួន 25 ប្រកួត រដូវកាលនេះ ខណៈដែល Atalanta បានឈរនៅចំណាត់ថ្នាក់លេខ 6 ក្នុងតារាង Serie A។ ផ្សេងពីនេះទៀត Koopmeiners គឺជាចំណែកមួយដ៏សំខាន់ក្នុងការនាំ Atalanta ឡើងមកកាន់វគ្គ 8 ក្រុមចុងក្រោយនៃក្របខណ្ឌ Europa League ផងដែរ។
គេបានដឹងថា ការបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍របស់ Koopmeiners បានធ្វើ Juventus ដែលជាក្លឹបស្ថិតក្នុងលីគជាមួយគ្នាចង់បានគាត់ ខណៈដែលពួកគេកំពុងស្វែងរកអ្នកជំនួសតំណែងរយៈពេលវែងរបស់ Paul Pogba ដែលកំពុងជាប់ពិន័យមិនឲ្យលេងបាល់ទាត់រយៈពេល 4 ឆ្នាំ។
ក្លឹប Atalanta បានកំណត់តម្លៃលក់ Koopmeiners ចន្លោះពី 50-60 លានអឺរ៉ូ ហើយ Juventus នឹងហ៊ានចំណាយប្រាក់តាមការចង់បាននេះ។ ទោះជាយ៉ាងណា Juventus នឹងត្រូវជួបឧបសគ្គធំដោយសារ Liverpool ក៏ចង់បានខ្សែបម្រើរូបនេះដែរ ហើយហ៊ានចំណាយប្រាក់ តាមការចង់បានរបស់ Atalanta ដូចគ្នា។
ប្រភព: Metro UK