បាល់ទាត់អន្តរជាតិ
ដល់ដំណាក់កាលនេះទៅហើយ គ្រូ PSG នៅតែមានសង្ឃឹមថា Mbappe អាចផ្លាស់ប្ដូរចិត្តមិនចាកចេញពីក្លឹបវិញ

គ្រូបង្វឹករបស់ក្លឹបយក្សបារាំង Paris Saint-Germain លោក Luis Enrique បានបង្ហាញពីគំនិតផ្ទាល់ខ្លួនរបស់គាត់កាលពីពេលថ្មីៗនេះ ទាក់ទងអំពីអនាគតរបស់ខ្សែប្រយុទ្ធ Kylian Mbappe ដែលត្រៀមនឹងចាកចេញពីក្លឹបរបស់ខ្លួន នាចុងបញ្ចប់នៃរដូវកាលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ កុងត្រារបស់ខ្សែប្រយុទ្ធឆ្នើម និងជាប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024។ មានសេចក្ដីរាយការណ៍ ក៏ដូចជាការអះអាងជាច្រើនបានបញ្ជាក់យ៉ាងច្បាស់ផងដែរថា Mbappe នឹងចូលរួមជាមួយក្លឹបអធិរាជស Real Madrid ដែលជាក្លឹបក្នុងក្ដីស្រមៃរបស់គេ។
ទោះបីជាបានដឹងបែបនេះក៏ដោយ លោក Luis Enrique ដែលជាគ្រូបង្វឹករបស់ PSG ផ្ទាល់ នៅតែសង្ឃឹមថា ខ្សែប្រយុទ្ធដែលជាកូនក្រុមរបស់ខ្លួនរូបនេះនឹងផ្លាស់ប្ដូរចិត្តវិញ ហើយបន្តរួមរស់នៅទឹកដីបារាំងបន្តទៀត។ យោងតាម Sky Sports ដែលដកស្រង់សម្តីរបស់គ្រូបង្វឹកវ័យ 53 រូបនេះបានលើកឡើងថា៖ “ខ្ញុំនៅតែសង្ឃឹមថា Mbappe នឹងផ្លាស់ប្តូរចិត្តរបស់គាត់។ គាត់មិនទាន់និយាយអ្វីនៅឡើយទេ។ គាត់នៅតែអាចផ្លាស់ប្តូរគំនិតរបស់គាត់បាន។ សូមស្រមៃថា យើងអាចឈ្នះពានចំនួន 4 នៅរដូវកាលនេះ ហើយ Kylian Mbappe ធ្វើការជ្រើសរើសជម្រើសចុងក្រោយ ដោយសម្រេចចិត្តថានៅទីក្រុងប៉ារីស។ ហេតុអ្វីមិនអាច”?
ប្រភព: Telecomasia