បាល់ទាត់អន្តរជាតិ
Pep Guardiola លើកឡើងថា Real Madrid មានប្រៀប និងឱកាសជាងក្រុមរបស់ខ្លួន

លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានលើកឡើងដោយវិភាគរឿងរ៉ាវមួយចំនួន មុនការប្រកួត UEFA Champions League វគ្គ 8 ក្រុមចុងក្រោយរបស់ខ្លួនដែលត្រូវប្រកួតនៅថ្ងៃទី 10 ខែមេសា ឆាប់ៗខាងមុខ។
គ្រូបង្វឹកវ័យ 53 ឆ្នាំរូបនេះ បាននិយាយដោយសង្កត់ធ្ងន់ថា ក្លឹប Man City របស់គាត់នឹងត្រូវលេង 2 ប្រកួតក្នុងចន្លោះរយៈពេល 3 ថ្ងៃម្ដង ក្នុងក្របខ័ណ្ឌលីគ (Premier League) ប៉ុន្តែផ្ទុយមកវិញបើមើលទៅ Real Madrid ពួកគេមានការប្រកួតលីគតែ 1 ប៉ុណ្ណោះ ហើយនៅសល់ពេលវេលារហូតដល់ជិត 10 ថ្ងៃ មុននឹងការប្រកួតជើងទីមួយរបស់ UEFA Champions League មកដល់។
យោងតាមសម្ដីរបស់លោក Pep Guardiola ដែលបានដកស្រង់ដោយអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា៖ “យើងប្រកួតជាមួយ Aston Villa, បន្ទាប់មក Crystal Palace នៅថ្ងៃសៅរ៍! បន្ទាប់មកទៀតយើងត្រូវទៅជួប Real Madrid នៅថ្ងៃអង្គារ។ Real Madrid មានពេល 9 ថ្ងៃសម្រាប់ត្រៀមខ្លួន។ ពួកគេលេងនៅចុងសប្តាហ៍នេះ ហើយសម្រាករហូតដល់ការប្រកួតទល់នឹងពួកយើង។ ខ្ញុំចង់ឆ្លុះបញ្ចាំងឲ្យឃើញពីភាពខុសគ្នា ហើយចង់សុំថែមមួយថ្ងៃទៀតព្រោះភាពខុសគ្នាខ្លាំង។ ប៉ុន្តែមិនមានឱកាសបែបនោះទេ…”។
ប្រភព: Telecomasia