បាល់ទាត់អន្តរជាតិ
Erik ten Hag ប្រឈមមុខនឹងការកាត់ប្រាក់ខែ 25%

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខនឹងការកាត់ប្រាក់ឈ្នួលរបស់ខ្លួន 25% ប្រសិនបើគាត់បន្តកាន់ការងាររបស់ខ្លួននៅ Old Trafford រដូវកាលក្រោយ 2024-2025 បន្តទៀត។
បច្ចុប្បន្ននេះមានការជជែកវែកញែកជាច្រើនទាក់ទងនឹងអនាគតរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ ដោយប្រធានក្លឹបបិសាចក្រហមក៏កំពុងសម្លឹងមើលបេក្ខភាពគ្រូបង្វឹកជាច្រើនដើម្បីមកជំនួសតំណែងរបស់គាត់ផងដែរ។ Erik ten Hag បានដឹកនាំបិសាចក្រហមឲ្យឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup ប៉ុន្តែស្ថានភាពក្រុមបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 7 ក្នុងតារាង Premier League ដោយមាន 16 ពិន្ទុតាមពីក្រោយក្រុមលេខ 4 Aston Villa។
ជាលទ្ធផល ក្លឹបបិសាចក្រហមទំនងជាមិនអាចដណ្ដើមកៅអី UEFA Champions League នៅរដូវកាលក្រោយបានឡើយ ហើយយោងទៅតាមរបាយការណ៍ពី ESPN បានឲ្យដឹងថា ការអវត្តមានមិនអាចប្រកួតនៅក្នុងពានធំៗតំនប់អឺរ៉ុបបាន នោះក្លឹបនឹងកាត់បន្ថយប្រាក់ខែរបស់ Erik ten Hag ដែលមានចំនួន 25%។
របាយការណ៍ដដែលនេះដែរបានអះអាងថា Erik ten Hag បច្ចុប្បន្នមានប្រាក់ពលកម្មខ្ទង់ប្រហែលជាចំនួន 9 លានផោន ក្នុងមួយឆ្នាំ ដូច្នេះការកាត់បន្ថយនេះនឹងធ្វើឲ្យប្រាក់ខែរបស់គាត់កាត់បន្ថយមកត្រឹមប្រហែល 6.75 លានផោន ប៉ុណ្ណោះ។
ប្រភព: Sportsmole