បាល់ទាត់អន្តរជាតិ
Lookman ស៊ុត 3 គ្រាប់ម្នាក់ឯង ជួយ Atalanta លើកពាន Europa League
ខ្សែប្រយុទ្ធ Ademola Lookman បានបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅក្នុងការប្រកួតកាលពីរំលងអាធ្រាតយប់មិញ ខណៈដែលគ្រាប់បាល់ដែលកើតឡើងទាំង 3 គ្រាប់ សុទ្ធតែចេញពីជើងរបស់កីឡាករវ័យ 26 ឆ្នាំរូបនេះ។ បន្ទាប់ពីការស៊ុត Hat-trick ដ៏សំខាន់ Lookman បានជួយឲ្យក្លឹប Atalanta BC ឈ្នះពាន Europa League ដោយលុតក្រុមខ្លាំងមកពីអាឡឺម៉ង់ Bayer Leverkusen ក្នុងវគ្គផ្ដាច់ព្រ័ត។

ដោយឡែកងាកមកចោលភ្នែកក្រឡេកមើលការប្រកួត យើងឃើញថា ទម្រង់លេងរបស់ Bayer Leverkusen មិនមានភាពល្អប្រសើរឡើយ ពោលគឺពួកគេមិនសូវមានឱកាសស៊ុតទៅលើ Atalanta នោះទេ។ ស្របពេលជាមួយគ្នានោះ Atalanta ហាក់ដូចជាដឹងពីទម្រង់លេង និងអាចគ្រប់គ្រង Bayer Leverkusen ស្ទើរពេញមួយប្រកួត។

មិនយូរប៉ុន្មាននៅនាទីទី 12 ខ្សែប្រយុទ្ធស្លាប Ademola Lookman បានស្វែងរកឱកាសស៊ុតបញ្ចូលទី 1 គ្រាប់ ដែលជាគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត។ មិនយូរប៉ុន្មាន នៅនាទីទី 26 កីឡាករសញ្ជាតិនីហ្សេរីយ៉ា រូបនេះក៏បានស៊ុតបញ្ចូលទីម្ដងទៀត។ ជាចុងក្រោយនៅនាទីទី 75 Ademola Lookman ដដែលក៏បានស៊ុត 1 គ្រាប់ចុងក្រោយ មុនពេលការប្រកួតត្រូវបញ្ចប់។

ប្រភព: Sportsmole
